អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ណែនាំពីការសម្រួលដំណើរចូល-ចេញប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
យោងតាមសេចក្ដីណែនាំ ស្តីពីការសម្រួលដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ត្រូវរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធ ភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេលត្រឡប់ទៅបំពេញការងារក្នុងប្រទេសថៃវិញ។
សេចក្តីណែនាំបានបន្តថា ៖ «រាជរដ្ឋាភិបាលថៃ បានសម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជា ត្រឡប់ចូលប្រទេសថៃវិញ (Re-Entry Permit) សម្រាប់រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»។
ប្រភពដដែលបានបន្តថា មន្ត្រីមានសមត្ថកិច្ចថៃ នឹងធ្វើការប្រថាប់ត្រាជំនាញថ្មី ដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ជាសម្គាល់ និងជាមូលដ្ឋានទិន្នន័យបម្រើដល់ការគ្រប់គ្រងដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា សម្រាប់រយៈពេលកំណត់ខាងលើតែប៉ុណ្ណោះ (ដូចមានគំរូត្រា និងឯកសារបកប្រែជូនភ្ជាប់ជាមួយ)។
ដើម្បីសម្រួល និងពន្លឿនការត្រួតពិនិត្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចមិនតម្រូវឱ្យប្រថាប់ត្រា ចូល-ចេញ ប្រទេសលើលិខិតឆ្លងដែន ឬឯកសារ ធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរនោះឡើយ ។ ប៉ុន្តែចាំបាច់ត្រូវធ្វើការកត់ត្រាទិន្នន័យឱ្យច្បាស់លាស់ក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងកិច្ចការជំនាញ ដទនាថ្ងៃអនាគត ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តទៀតថា ៖ «ត្រូវយកចិត្តទុកដាក់ សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅ បរិវេណប៉ុស្តិ៍ច្រកទ្វារ ចូល-ចេញ ប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ បញ្ហាសុខភាពរបស់ពលករ និងអ្នកដំណើរទូទៅ និងកត្តាជាអវិជ្ជមានដែលអាចកើតឡើងជាយថាហេតុដទៃទៀត»។
នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវចូលរួមសហការឱ្យបានសកម្ម និងអស់ពីលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់កំរិត ដើម្បីធ្វើយ៉ាង ណាឱ្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។
សូមបញ្ជាក់ដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕