ហេតុអ្វីប្រទេសអារ៉ាប៊ី​ សាអ៊ូឌីត និងសហរដ្ឋអាម៉េរិកវាយប្រហារអ៊ីរ៉ាក់?

សម្រាប់ជាលើកទី១ ទីក្រុងរីយ៉ាដ បានចូលរួមធ្វើការវាយប្រហារ អមជាមួយទីក្រុង​វ៉ាស៊ីនតុន ប្រឆាំងនឹងកងកម្លាំងគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់។  ការវាយប្រហារដែលបង្ហាញអំពី​ការរីកធំជាបន្ត​បន្ទាប់​​នៃជម្លោះតំបន់ ​ដែលកាន់តែស្មុគស្មាញថែមទៀត។

ទាហានអាម៉េរិក និងអារ៉ាប៊ី សាអ៊ូឌីត បានឆ្លងកាត់ខ្សែបន្ទាត់សង្រ្គាមថ្មីកាលពីថ្ងៃទី២៨ ខែ កក្កដា ដោយធ្វើការវាយប្រហាររួមគ្នា ក្នុងពេលរាត្រី ប្រឆាំងនឹងកងកម្លាំងសកម្មប្រយុទ្ធ គាំទ្រ អ៊ីរ៉ង់នៅអ៊ីរ៉ាក់។  នេះគឺជាលើកទី១ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដែលប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានទទួលស្គាល់ជាផ្លូវការនូវការចូលរួមរបស់ខ្លួនសម្រាប់ សង្រ្គាម​នៅក្បែរសហរដ្ឋអាម៉េរិកនៅក្នុងជម្លោះប្រឆាំងនឹងអ៊ីរ៉ង់។ បញ្ជាការកណ្តាលរបស់អាម៉េរិក (CENTCOM) បានបញ្ជាក់ថា ប្រតិបត្តិការ​សំដៅ​លើ​មណ្ឌល​ដឹកជញ្ជូន និងឃ្លាំងគ្រាប់របស់​ភេរវករ។ យោងតាម សេនខម (CENTCOM) នេះ​​គឺជា​ការ​វាយ​ប្រហារ​សងសឹកបន្ទាប់ពីមានការវាយប្រហារ​ដោយ​​ដ្រូន ៣០ដង ត្រូវ​បាន​ធ្វើ​​ឡើង​​ដោយកង​អង្គភាព​ឆ្មាំបដិវត្តន៍ឥស្លាម (CGRI) នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។  សហរដ្ឋ​​អាម៉េរិក និងអារ៉ាប៊ី សាអ៊ូឌីត បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធ​គាំទ្រ​អ៊ីរ៉ង់ ដែលបានធ្វើ​ប្រតិបត្តិ​ការ​​មួយ​ផ្នែក វាយ​ប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល​របស់​ទីក្រុងរីយ៉ាដដោយប្រើ​ដ្រូន។ ក្រសួង​ការពារ​ជាតិ​អារ៉ាប៊ី សាអ៊ូឌីត បានរៀបរាប់ថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន បានស្ទាក់​ចាប់ និង​បំផ្លាញ​ដ្រូន ដែលបាន​ព្យាយាម​​វាយ​ប្រហារលើហេដ្ឋារចនាសម្ព័ន្ធ​​ប្រេង​នៅ​តំបន់​ខាង​កើត​នៃ​ប្រទេស។ យោងតាមទីក្រុងវ៉ាស៊ីនតុន ក្រុមសកម្មប្រយុទ្ធទាំង​នេះ​​រៀបចំ​ការ​វាយ​ប្រហារ​ថ្មី២ ប្រឆាំង​នឹង​កង​កម្លាំងអាម៉េរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពល​នៅប្រទេស​​អារ៉ាប៊ី សាអ៊ូឌីត។

ប្រតិកម្មឆ្លើយតបចំពោះការវាយប្រហារទាំងនេះ មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ បានប្រកាសតាមទូរទស្សន៍រដ្ឋថា ៖ វាគឺជា "កំហុសគណនាដ៏ធំ" ពីភាគី​ទីក្រុង​វ៉ាស៊ីនតុន និងទីក្រុងរីយ៉ាដ។

ចំណែកភាគីសាមីប្រទេសអ៊ីរ៉ាក់ រដ្ឋាភិបាលឈីអ៊ីត  ដែល​ជារដ្ឋាភិបាលកម្រ​មួយក្នុង​ពិភពលោក ដែលមានទំនាក់ទំនងទាំងខាងយោធា និងការ​ទូត​ជាមួយវ៉ាស៊ីនតុន និងតេអេរ៉ង់ ក្នុងពេល​តែមួយ បានកោះហៅប្រជុំបន្ទាន់ ប៉ុន្តែកិច្ចជួបជុំរវាងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោកអាលី អាល់ ហ្ស៉ៃឌី និងព្រះអង្គម្ចាស់រជ្ជទាយាទ អារ៉ាប៊ី សាអូឌីត ម៉ូហាម៉េដ បេន សាល់ម៉ាន ដែល​គ្រោង​ធ្វើនៅថ្ងៃទី៣០ ខែកក្កដា ត្រូវបានលុបចោល។ ដោយម្យ៉ាង ការស៊ើបអង្កេត​មួយ​ត្រូវ​បាន​​​បើកធ្វើ នៅខណៈដែលទាហានអ៊ីរ៉ាក់ប្រកាសថា អ៊ីរ៉ាក់មានការប្តេជ្ញាចិត្តក្នុងការការពារ មិន​​ឲ្យទឹកដីខ្លួន ត្រូវបានប្រើជាផ្លូវឆ្លងកាត់ ឬជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារ​​ណា​មួយ ដែល​មានគោលដៅទៅលើប្រ​ទេសបងប្អូន ឬប្រទេសមិត្ត ក៏ទេដែរ។ 

នៅ​ក្នុងសេចក្តីប្រកាសមួយ ប្រធានាធិបតីអ៊ីរ៉ាក់បានចោទប្រកាន់​ការវាយ​ប្រហារ​របស់​អាម៉េរិក‑និងអារ៉ាប៊ីសាអូឌីត ថា គឺជាការរំលោភ អធិបតេយ្យភាព រប​ស់អ៊ីរ៉ាក់។  

ចំណែកកងកម្លាំងចល័តប្រជាជន (FMP) ដែលជាសម្ព័ន្ធមិត្តរបស់កងសកម្មប្រយុទ្ធគាំទ្រអ៊ីរ៉ង់ ដែល​ជាក្រុមរងការវាយប្រហារ បានបដិសេធរាល់ការពាក់ព័ន្ធនៅក្នុង​ការវាយប្រហារ​ដោយ​ដ្រូន។ ពួកគេបានបញ្ជាក់ថា យ៉ាងហោចណាស់ អ្នកប្រយុទ្ធប្រមាណ ២០នាក់ របស់ពួកគេ ត្រូវ​​​បានសម្លាប់ និង ៣២នាក់ ផ្សេងទៀត បានរងរបួស។

ចំណែកប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង បានអះអាងថា ការវាយប្រហារបានរីករាលដាលទៅដល់ខេត្ត ឌីយ៉ាឡា និងគៀគូក នៅភាគខាងឥសាននៃប្រទេសអ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន វ៉ាស៊ីនតុន ប៉ុស្ត៍ បានឲ្យដឹងថា ការតស៊ូឥស្លាមនៅអ៊ីរ៉ាក់ ដែល​ជា​សម្ព័ន្ធ​មិត្តនៃក្រុមយោធាគាំទ្រដោយអ៊ីរ៉ង់ និងប្រមូលផ្តុំដោយ​កងឯកភាពជាច្រើន​របស់ក្រុម​ប្រយុទ្ធ FMP បានវាយតម្លៃលើការចោទប្រកាន់របស់​អារ៉ាប៊ី សាអ៊ូឌីតថា ជាការប្រឌិតឡើង​។

 

Daily Program

Livesteam thumbnail
khmer popup image