ស្វីសបន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ
រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។ នេះបើយោងតាមខ្លឹមសារនៃជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ រវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
សំណើទាំង៣ចំណុចដែលស្នើឡើងដោយលោករដ្ឋមន្រ្តី និងត្រូវបានទទួលបានការឯកភាពគាំទ្រពីភាគីស្វីសនោះ រួមមាន៖ ទី១-ការគាំទ្រដំណើរការកែទម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំងជំនួយបច្ចេកទេសនានាដែលជាតម្រូវការចាំបាច់។ ទី២-ការគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ ក៏និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងទី៣-ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីនៅស្ថាប័នក្រោមជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ក្នុងជំនួបនោះដែរ លោក Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូកម្ពុជា និងបានចូលរួមអបអរសាទរឯកឧត្តមអភិសន្តិបណ្ឌិតដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹមនិងជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិតនឹងដឹកនាំក្រសួងមហាផ្ទៃប្រកបដោយជោគជ័យ។
លោក ស សុខា បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហព័ន្ធស្វីស ដែលបាននឹងផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គម៕