សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ ទទួលបានមេដាយ Math Kangaroo 2024

សិស្ស​នៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ បាន​ប្រឡងជាប់ និង​ទទួលបាន​មេដាយ​ក្នុង​ការ​ប្រ​ឡង Math Kangaroo 2024 ក្នុង​ចំណោម៥តំបន់  (ព្រះសីហនុ កំពង់ចាម បាត់ដំបង សៀមរាប រាជធា​នី​ភ្នំ​ពេញ) ដែល​បាន​ប្រព្រឹត្តឡើងកាលពីថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៤ ដែលមានសិស្សចូលរួមសរុបប្រមាណ ជាង ៣០០០ នាក់។

​លោក ប៉ិច វិបុល នាយកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានប្រាប់ឱ្យដឹងថា​ លោកពិតជាសប្បាយយ៉ាងខ្លាំង​ នៅពេលដែលលោកទទួលបានព័ត៌មានថា សិស្សសាលាសន្តហ្រ្វង់ស្វ័ររបស់លោក​ចំនួន៤នាក់ទទួល​បានមេដាយ ក្នុងការប្រឡង Math Kangaroo 2024នេះ។

ក្នុង​នោះមាន​សិស្សម្នាក់ទទួលបានមេដាយមាស១ មេដាយសំរិទ្ធ១ និង​មេដាយប្រាក់ចំនួន២​។

លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំមានអារម្មណ៍រីករាយ និងគិតថាលទ្ធផលនេះវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង​ដឹកនាំ បង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងកិច្ចសហការពីអ្នកអាណាព្យាបាលរបស់សិស្ស»។

លោកបានបន្តថា ជាពិសេសការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្ររបស់សិស្ស ក្រោមការជួយឧ​បត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី និងសម្ភារពីសំណាក់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រហសហគមន៍កាតូលិក​ភូមិភាគភ្នំពេញេដែលជាស្ថា​បនិករបស់សាលានេះ​។

ទន្ទឹមនឹងនេះដែរ លោក ប៉ិច វិបុល បាន​លើកឡើងឱ្យដឹងទៀត កត្តាដែលធ្វើឱ្យ​សិស្សនៅវិទ្យាល័​យសន្តហ្រ្វង់ស្វ័រទទួលបានជោគជ័យក្នុងការប្រឡងនេះ គឺ​គណៈគ្រប់គ្រងសា​លា បាន​បង្កើតក្លឹបសិស្សពូកែនិងជួយបំប៉នពួកគាត់ជាប្រចាំ និងសាលា​បាន​ផ្តល់​សម្ភារនិងលើកចិត្តដល់គ្រូសិស្សជាប្រចាំ។

លោកបាន​បន្ថែមទៀតថា ៖ «ចំណែកកត្តាគ្រូ គឺ​គ្រូមានបទពិសោធល្អ មានមនសិការ មានស្មា​រតីទទួលខុសត្រូវខ្ពស់ក្នុងការបង្ហាត់បង្រៀន រិះរកវិធីសាស្ត្រល្អៗ ថ្មីៗ យកមកបង្រៀនសិស្ស សិ​ក្សា​ស្រាវជ្រាវជាប្រចាំ និងបង្កើតក្លឹបសិស្សពូកែ ដើម្បីជួយបំប៉នបន្ថែមដល់សិស្សនៅពេលយប់តាមរយៈគ្រុបតេឡេក្រាម ឬគ្រុបផ្សេងទៀត ដោយមិនខ្លាចនឿយហត់ និងដោយក្តីអាណិតស្រ​ឡាញ់ចំពោះសិស្ស»​។

ចំណែកកត្តាសិស្សវិញ គឺការ​ស្រលាញ់ការសិក្សា តស៊ូព្យាយាមរៀនសូត្រ ខិតខំប្រឹងប្រែងដោះស្រាយលំហាត់ដែលគ្រូដាក់ឲ្យធ្វើ ស្តាប់តាមការណែនាំរបស់គ្រូ ក្លាហាន ហ៊ានសួរ ហ៊ានឆ្លើយជាមួយគ្រូ និងសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត។

មួយវិញទៀត កត្តាអាណាព្យាបាលសិស្សក៏ជាចំណុចមួយសំខាន់ផងដែរ​ ក្នុងការ​ជំរុញ និងលើ​ក​ទឹកចិត្តឱ្យ​កូនខិតខំរៀនសូត្រ ផ្តល់សម្ភារ​សិក្សាតាមតម្រូវការចាំបាច់ និងផ្តល់ពេលវេលាគ្រប់គ្រា​ន់សម្រាប់កូនរៀន និងតាមដានលទ្ធផលនៃការសិក្សារបស់កូនជាប្រចាំ។

​លោកមានប្រសាសន៍ថា ៖ «គុណភាពនៃការងារអប់រំបណ្តុះបណ្តាល វាយតម្លៃបានតាមរយៈលទ្ធផលនៃការប្រឡង ដូចនេះ​សាលានឹងបញ្ជូនសិស្សទៅចូលរួមការប្រឡង កម្រិតថ្នាក់ជាតិ ក៏ដូ​ចជាកម្រិតថ្នាក់តំបន់ជារៀងរាល់ឆ្នាំ»។

យុវសិស្ស អ៊ិច លីតា អាយុ​១៤ ឆ្នាំ ជាសិស្សថ្នាក់ទី​៨ ដែលទទួលបានមេដាយប្រាក់ពីការប្រឡង Math Kangaroo 2024 បានឱ្យដឹងថា ការសម្រេចចិត្ត​ប្រឡងនេះព្រោះនាង​ចង់ដឹងពីសមត្ថភាព​​ចំណេះដឹងរបស់នាង ដោយមានការ​ជំរុញ និង​លើកទឹកចិត្ត​ពីឪពុកម្តាយ និង​លោកគ្រូអ្នកគ្រូផងដែរ។

អ៊ិច លីតា បានប្រាប់ឱ្យដឹងថា ៖ «នេះជាការចូលរួមប្រឡងលើកទី១ ហើយ​ខ្ញុំនឹងទៅចូលរួមប្រឡងដូចនេះនៅពេលក្រោយៗទៀត»។

សូមបញ្ជាក់ដែរថា ​ វិទ្យាល័យសន្តហ្រ្វង់ស្វ័រ​ជាសាលា​វិទ្យាល័យ​ចំណេះដឹងទូទៅ​មួយ​របស់​ព្រះសហគមន៍កាតូលិក ស្ថិត​នៅ​ក្នុង​ភូមិ​ចំការទៀង ឃុំគូស ស្រុកត្រាំកក់​ ខេត្ត​តាកែវ ដែល​បាន​បង្កើត​ឡើង​ដោយ​លោក​អភិបាល​អូលីវីយ៉េ ក្នុង​ឆ្នាំ២០០៣។

ក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាល័យ​នេះ មានសិស្សសរុប២៤១​ នាក់ (ស្រី១៥២ នាក់) ក្នុងនោះមាន៖ ថ្នាក់ទី៧ ចំនួន ៤៦នាក់ (ស្រី២៤នាក់), ថ្នាក់ទី៨ចំនួន ៤៣នាក់ (ស្រី២៨នាក់), ថ្នាក់ទី៩ចំនួន ៣៦នាក់ (ស្រី២១នាក់), ថ្នាក់ទី១០ ចំនួន៤០នាក់ (ស្រី២៨នាក់), ថ្នាក់ទី១១ ចំនួន ៤០នាក់ (ស្រី២៨នាក់) និង​ថ្នាក់ទី១២ មានចំនួន ៣៦នាក់ (ស្រី២៣នាក់)៕

អត្ថបទ៖ អមរិន្ទ ដានុត

Daily Program

Livesteam thumbnail