សិស្សនៃវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន៨នាក់ ទទួលបាននិទ្ទេស A
សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៨ នាក់របស់សាលាចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះបើយោងតាមលទ្ធផលដែលបានបូកសរុបដោយសាលាផ្ទាល់។
លោកអូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក និងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលាមាន៨នាក់ជាប់និទ្ទេសA ស្មើនឹង២២,២២ភាគរយនៃសិស្ស៣៦នាក់។ លោកថា «នេះជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។»
លោកបញ្ជាក់ថា ជោគជ័យនេះបានដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ ហើយនេះក៏ជាសមិទ្ធផលនិងលទ្ធផលនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការយកចិត្តទុកដាក់ពីសិស្សសាលាផងដែរ។
លោក ប៉ិច វិបុល នាយកវិទ្យាល័យនេះ បានប្រាប់ថា ក្នុងសម័យប្រលងកាលពីថ្ងៃទី៨ ខែតុលា កន្លងមកនេះ សាលាមានសិស្សសរុប៣៦នាក់(ស្រី២៣នាក់) ដែលក្នុងនោះសិស្សចំនួន១៦នាក់បានប្រឡងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន២០នាក់។ ក្នុងចំណោមសិស្សទាំងអស់ សិស្សទទួលបាននិទ្ទេស A មានចំនួន៨ នាក់ ទទួលបាននិទ្ទេសB ចំនួន១៩នាក់ និទ្ទេស C ចំនួន៨ នាក់ និងនិទ្ទេស D ចំនួន១នាក់។
លោកបានបញ្ជាក់ថា លទ្ធផលទាំងនេះកើតចេញពីកត្តាចំនួន៥ រួមមាន ទី១គឺការគាំទ្រដោយលោកអភិបាលស្ថាបនិកទាំងស្មារតីនិងសម្ភារឧបទេស ទី២ការរៀបចំរចនាសម្ពន្ធរបស់គណៈគ្រប់គ្រងនិងបែងចែកគ្រូបង្រៀនបានល្អប្រសើរ ទី៣ លោកគ្រូអ្នកគ្រូមានជំនាញឯកទេសនិងបទពិសោធយចាប់ពី២០ឆ្នាំឡើងទៅ ហើយការបង្រៀនជាប្រព័ន្ធសិស្សមជ្ឈមណ្ឌល ដោយលោកគ្រូអ្នកគ្រូលើកទឹកចិត្តនិងជំរុញកូនសិស្សឲ្យខិតខំរៀនសូត ទី៤ គឺសិស្សខិតខំសិក្សានិងស្រាវជ្រាវដោយផ្ទាល់ខ្លួន បង្កើតក្រុមសិក្សាដើម្បីជួយគ្នាទៅវិញទៅមក និងទី៥ អាណាព្យាបាលសិស្សគាំទ្រ ឧបត្ថម្ភគាំទ្រ និងជំរុញកូនឲ្យខិតខំរៀនសូត។
លោកនាយកបានឲ្យដឹងទៀតថា តាំងពីបង្កើតសាលានេះក្នុងឆ្នាំ២០០៣ លទ្ធផលសិស្ស ប្រលងជាប់ថ្នាក់ទី១២ បាន១០០ភាគរយគឺមានចំនួន១១ជំនាន់មកហើយ ហើយក្នុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នគឺមានសិស្សទទួលបាននិទ្ទេសA រហូតមក។
លោកនាយកបញ្ជាក់បន្ថែមថា មុនពេលប្រលងថ្នាក់ជាតិ ២ឬ៣សប្តាហ៍ សាលាតែងតែរៀបចំប្រលងសាកល្បង ដើម្បីឲ្យសិស្សដឹងអំពីសមត្ថភាពរបស់ខ្លួន ហើយខិតខំបន្ថែមលើមុខវិជ្ជាដែលខ្វះខាត។
ថេង សុរិម៉ា អាយុ១៧ឆ្នាំ បានជាប់និទ្ទេសA កាលពីពេលថ្មីៗនេះ នាងប្រាប់ថា មានកត្តា៣យ៉ាងដែលជួយឲ្យនាងបានជោគជ័យ នោះគឺ ទីមួយគ្រួសាររបស់ខ្ញុំក៏តែងតែលើកទឹកចិត្ត ខិតខំជួយរកថវិកាផ្គត់ផ្គង់ការសិក្សារបស់នាង ទីពីរកត្តាសាលារៀនប្រមូលផ្ដុំទាំងវិន័យ និងទាំងលោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀន បំប៉នសិស្សរៀនខ្សោយ ហើយផ្តល់ឱកាសឲ្យសិស្សអត់មានពេលវេលាធ្វើលំហាត់អាចសួរនាំគាត់ ហើយអាចពិភាក្សាជាមួយគាត់បាន កត្តាទីបីគឺកត្តាខ្លួនឯង ធម្មតាជាសិស្សចង់បាននិទ្ទេសល្អ សម្រាប់គ្រួសារសម្រាប់ខ្លួនឯងនិងសាលារៀន។
កត្តាទាំងនេះ ជំរុញឲ្យនាង ចង់បាននិទ្ទេសA ហើយក៏ចាប់ផ្តើមខិតខំរៀន បង្កើតកាលវិភាគខ្លួនឯង និងមានវិធីសាស្ត្រផ្សេងៗដើម្បីរៀនខ្លួនឯង។
សុរិម៉ា បន្ថែមថា នៅសាលានាងរៀនជាក្រុមជាមួយមិត្តភក្តិ នៅផ្ទះផ្ដោតអារម្មណ៍លើចំណុចមិនសូវយល់ ហើយពេលមកសាលាសួរមិត្តភក្តិឬក៏លោកគ្រូអ្នកគ្រូ។
យុវតីដដែលប្រាប់ទៀតថា «សម្រាប់ការរៀន ខ្ញុំមិនដាក់សម្ពាធលើខ្លួនឯងទេ ខ្ញុំចង់រៀនអីខ្ញុំរៀនហ្នឹង ប្រសិនបើដាក់សម្ពាធលើខ្លួនឯងសម្រាប់ខ្ញុំ ខ្ញុំរៀនអត់សូវចូល ប៉ុន្តែពេលខ្លះក៏មិនអាចបណ្ដោយតាមអារម្មណ៍របស់ខ្លួនឯងពេកដែរ»។
«សម្រាប់នៅខេត្តតាកែវរបស់យើងហ្មង ខ្ញុំគិតថាសាលាយើងគឺល្អ ហើយបំភ្លឺផ្លូវឲ្យសិស្សងាយស្រួលក្នុងការទទួលបាននិទ្ទេសA។» នេះបើតាមសម្តីរបស់ទឹម ណៃគីម អាយុ១៨ឆ្នាំ ដែលទើបប្រលងជាប់ថ្នាក់ទី១២ថ្មីៗនេះមួយរូបផ្សេងទៀត។
ណៃគីម នឹងរៀនបន្តនៅមហាវិទ្យាល័យផ្នែកច្បាប់។ នាងបន្ថែមថា នាងបានដល់ថ្ងៃនេះ គឺដោយសារកត្តាអ្នកដឹកនាំនិងលោកគ្រូអ្នកគ្រូនៅក្នុងសាលា ហើយសាលាមានវិន័យតឹងរ៉ឹងសម្រាប់សិស្ស។
ជាមួយគ្នានេះដែរង៉ែត សុវណ្ណអាយុ១៨ឆ្នាំ បានឲ្យដឹងថា កត្តាដែលគាត់បានទទួលជោគជ័យនៅក្នុងការសិក្សានៅពេលនេះគឺបានដោយសារតែលោកគ្រូអ្នកគ្រូនិងខ្លួនឯងផ្ទាល់។ សុវណ្ណបន្ថែមថា នៅសាលារបស់យើងមានបណ្ណាល័យ និងមានបន្ទប់ពិសោធន៍ដើម្បីឲ្យសិស្សអាចពិសោធនិងស្រាវជ្រាវ ហើយពេលយើងមកដល់សាលាយើងចង់រៀន យើងអត់ចង់លេង ហើយយើងឃើញមិត្តភក្តិខំប្រឹងរៀនដែរ។
ម្យ៉ាងទៀត គាត់ផ្ទាល់បែងចែកកាលវិភាគរៀននិងទៅសាលារៀនទៀងទាត់ ហើយឪពុកម្ដាយរបស់គាត់សន្យាផ្ដល់ជារង្វាន់លើកទឹកចិត្តប្រសិនបើប្រលងជាប់។
យុវជនរូបនេះបន្តថា «បើសិនជាអត់មានកត្តាសាលានិងកត្តាខ្លួនឯងនេះទេ ខ្ញុំគិតថាវាអត់សូវមានជោគជ័យនោះទេ»។
ក្នុងនាមជាគ្រូបង្រៀន ផ្នែកភូមិវិទ្យានិងប្រវត្តិសាស្ត្រ លោកសប្បាយនិងពេញចិត្តចំពោះលទ្ធផលសិស្សដែលទទួលបាននេះ ជាអ្វីដែលពួកគាត់បានខំប្រឹងទាំងអស់គ្នា។ លោកគ្រូបន្តថាគាត់តែងតែសង្ខេបមេរៀនឲ្យហើយដាក់សំណួរ ដាក់ធ្វើនៅផ្ទះហើយតែងតែត្រួតពិនិត្យជានិច្ច ការដែលត្រួតពិនិត្យនេះនាំឲ្យក្មេងៗទាំងអស់ទាំងពូកែនិងខ្សោយធ្វើ។ ក្នុងនោះដែរលោកក៏មានក្រុមតេលេក្រាមដើម្បីឲ្យកូនសិស្សអាចសួរនាំគ្រប់ពេល។ លោកថា នៅទីនេះគឺយើងជាក្រុមគ្រូត្រូវពង្រឹងឲ្យពួកគាត់ ខិតខំរៀនតាំងពីដើមឆ្នាំទៅ។
រីឯយុវ័ន យ៉ាំ សុសិរីវឌ្ឍន៍ អាយុ១៦ឆ្នាំ បាននិយាយថា ឪពុកម្តាយរបស់គាត់ជាកម្លាំងជំរុញខ្លាំងសម្រាប់គាត់ ដោយពួកគាត់ចង់ឃើញកូនទទួលបានជោគជ័យនៅក្នុងជីវិត ហើយពួកគាត់បានយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់សុសិរីវឌ្ឍន៍យ៉ាងខ្លាំង។ មួយផ្នែកធំទៀតគឺលោកគ្រូអ្នកគ្រូ នៅក្នុងសាលាផ្ទាល់ គាត់ព្យាយាមជំរុញទឹកចិត្ត បង្រៀនល្អ ឲ្យសុសិរីវឌ្ឍន៍មានទឹកចិត្តព្យាយាមយកនិទ្ទេសអេឲ្យបាន។
តាមការរៀបរាប់របស់យុវសិស្សរូបនេះ នៅសាលារៀន សិស្សទាំងអស់ជួយគ្នា ដោយបង្កើតជាក្រុមៗរៀននៅសាលាបន្ថែមនៅពេលយប់។ គាត់ប្រាប់ថា យើងបានជួយបង្រៀនគ្នា ដោយអ្នកចេះជួយអ្នករៀនមិនសូវទាន់គេ។ មុនពេលប្រលងថ្នាក់ជាតិ សាលាឲ្យយើងប្រលងសាក គឺជួយខ្លាំងសម្រាប់សិស្ស ដើម្បីឲ្យយើងដឹងថាចំណុចណាដែលជាខ្វះខាត ឬខ្លាំងខាងចំណុចណា បើខ្សោយយើងត្រូវបំពេញបន្ថែម។
រីឯលោកគ្រូវិញ គាត់ប្រាប់ថា «ខ្ញុំមិនដែលទុកអ្វីដែលរៀនពីមុនមកនៅទ្រឹងត្រឹមហ្នឹងទេ ចំពោះខ្ញុំ (ខ្ញុំ)សិក្សាស្រាវជ្រាវជានិច្ច អត់មានបង្រៀនអ្វីដែលឆេះពីមុនមកហើយនៅតែប៉ុណ្ណឹងទេ។» លោកគ្រូបានសំណូមពរសុំឲ្យកូនសិស្សទាំងអស់ «ត្រូវទៅរៀន កុំទាក់ទងជាមួយនឹងគ្រឿងញៀន បងធំបងតូច និយាយរួមវាច្រើនណាស់សព្វថ្ងៃនេះ»។
សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕
កែវ កញ្ញា និងមុំគន្ធា