សិស្សនិងនិសិ្សតដុនបូស្កូទទួលសញ្ញាបត្របច្ចេកទេស
សិស្សនិងនិស្សិតជាង១០០០នាក់ ទទួលសញ្ញាបត្រ ពីសាលាបច្ចេកទេសដុនបូស្កូភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅនៅបរិវេណសាលាដុបូស្កូភ្នំពេញ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោកហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងគណៈគ្រប់គ្រងសាលា និងចូលរួមពីអាណាព្យាបាលសិស្សជាច្រើនរូប។
អ្នកស្រី ផាត ណារី មកពីខេត្តត្បូងឃ្មុំ ជាអតីតនិស្សិតជំនាន់ទី២៧ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក បច្ចុប្បន្នជាបុគ្គលិកផ្នែកបញ្ជាទិញនៅក្រុមហ៊ុនឯកជនមួយកន្លែង ឲ្យដឹងថា ក្រោយបញ្ចប់ការសិក្សានៅសាលា នាងងាយស្រួលរកការងារបានធ្វើ ព្រោះស្ថាប័នជាច្រើនពេញចិត្តនឹងទទួលឲ្យធ្វើការ ហើយទទួលបានប្រាក់ខែសមរម្យ។
ណារី បានឲ្យដឹងទៀតថា ជោគជ័យទាំងនេះ គឺបានមកពីការខិតខំរបស់នាង និងសាលាផងដែរ ដែលបានយកចិត្តទុកដាក់បង្រៀន ជាពិសេសក្នុងពេលមានជំងឺកូវីដ១៩រាតត្បាត។
កញ្ញា ឆូវ ឆៃគីន មកពីខេត្តបាត់ដំបង ជាអតីតនិស្សិតជំនាន់ទី២៦នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោកដែរនោះបានឲ្យដឹងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង ព្រោះខ្ញុំទទឹមរង់ចំាពេលវេលានេះយូរមកហើយ»។
ឆៃគីនបន្ថែមថា មេរៀនពីសាលាបានជួយដល់នាងជាច្រើនដើម្បីយកទៅអនុវត្តនៅកន្លែងការងារ ហើយចំណុចខ្វះខាតផ្សេងទៀត នាងបានរៀនបន្ថែមពីកន្លែងការងារ។
ដូនជី ម៉ារី តំាង សុវឌ្ឍនៈ ជានាយិកាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក មានប្រសាសន៍ថា ថ្ងៃនេះបងស្រីមានអំណរសប្បាយមែនទែនដែរបានឃើញកូនៗទំាងអស់គ្នាជោគជ័យនៅក្នុងការសិក្សា ក៏ដូចជាជោគជ័យនៅក្នុងអាជីពរបស់ខ្លួន។
ដូនជីបានផ្ដាំផ្ញើទៅកាន់កូនសិស្សចាស់ទំាងអស់ថា សូមឲ្យកូនសិស្សទាំងអស់ រក្សានូវតម្លៃគុណធម៌នៃការរស់នៅ ដែលទទួលពីសាលាដុនបូស្កូ យកទៅអនុវត្តក្នុងសង្គម កន្លែងធ្វើការងារ «ព្រោះនេះជាទ្រព្យសម្បត្តិរបស់កូន ហើយកូនត្រូវបង្ហាញ ព្រោះយើងមិនអាចយកទ្រព្យសម្បត្តិរបស់យើងទៅជីកកប់បានទេ តែយើងត្រូវតែបង្ហាញទៅអ្នកដទៃដែលរស់នៅជុំវិញខ្លួនយើងឃើញ»។
ដូនជីបន្ថែមថា ឆ្នាំ២០២៤នេះកូនសិស្សនិស្សិតដែលទទួលសញ្ញាបត្របច្ចេកទេស ក្នុងមូលនិធិដុនបូស្កូទំាងមូល មានដុនបូស្កូភ្នំពេញ និង ទួលគោក សរុបចំនួនជាង ១៨០០នាក់ ដោយឡែកសិស្សដុនបូស្កូទួលគោកមានចំនួន៣៥០នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៥-២០២០។
លោកហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ក្នុងអង្គពិធីថា លោកសូមអរគុណដល់មូលនិធិដុនបូស្កូ ក្រុមបព្វជិត-ជិតាដុនបូស្កូដែលបានជ្រើសរើសកម្ពុជា ជាកន្លែងបំពេញបេសកកម្ម ព្រោះមានប្រទេសជាច្រើនក្នុងពិភពលោកដែលត្រូវការ។ នេះ «មានន័យថា គាត់ចង់ជួយកម្ពុជា និង ស្រឡាញ់កម្ពុជា។ ស្មារតី និងទឹកចិត្តនេះ គឺដក់ជាប់នៅក្នុងចិត្តយុវជន និងកុមារនៅកម្ពុជាជាពិសេស គឺសិស្ស និងនិស្សិតដុនបូស្កូ»។
លោកបន្តថា ការរៀនវិជ្ជាជីវៈ គឺជាទុនមួយដែលយុវជនអាចចាប់យកជំនាញការងារបានឆាប់រហ័សជាងរៀនចំណេះទូទៅ។ លោកប្រាប់ថា «ការមានការងារ គឺជាក្ដីសុបិនរបស់ខ្លួន ដើម្បីមានចំណូលទ្រទ្រង់ខ្លួនឯង»។
លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់សិស្សនិងនិស្សិតទាំងអស់ ត្រូវចេះសង្កេតចាប់យកចំណុចមួយចំនួនរបស់មនុស្សខ្លាំង ហើយរៀនពីគេ ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួន។ ដោយលោកបញ្ជាក់ថា «កុំមើលចំណុច ដែលគេធ្វើខុស និងមិនល្អ ទោះបីមនុស្សម្នាក់ជោគជ័យ យើងមិនអាចយកតាមគេទាំងស្រុងនោះទេ […] នេះ ជា ចំណុចសាមញ្ញមួយ ត្រូវប្រកាន់យក ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួនឯង»។
លោករំលឹកថា នៅពេលជោគជ័យក្នុងការងារត្រូវធ្វើជាគំរូ ដល់យុវជនដទៃទៀតនិងប្រកាសអំពីផលដែលបានទទួលពីរៀនវិជ្ជាជីវៈដល់អ្នកជិតខាង និងកុំភ្លេចគុណមាតាបិតា គ្រូបង្រៀន បព្វជិត-ជិតា ដែលបានខិតខំអប់រំទូន្មាន ផ្ដល់នូវចំណេះជំនាញ ឱ្យយើងក្លាយជាមនុស្សជោគជ័យក្នុងសង្គម។
សាលាបច្ចេកទេសដុនបូស្កូផ្នែកបុរសបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ផ្សារដែកនិងអគ្គិសនី ហើយបច្ចុប្បន្នមាន ជំនាញជាច្រើនដែលបានបើកនៅ សាខាចំនួន៣ គឺនៅខេត្តកែប មានជំនាញរដ្ឋបាលនិងលេខាធិការ ទំនាក់ទំនងសង្គម និងគេហកិច្ច រីឯខេត្តព្រះសីហនុមានជំនាញ អគ្គិសនី យន្តសាស្ត្រទូទៅ យន្តសាស្ត្ររថយន្ត លេខាធិការ និងទេសចរណ៍ និងនៅភ្នំពេញមាន អគ្គិសនី អេឡិចត្រូនិក ក្រលឹង-ផ្សារ កុំព្យូទ័រ ជួសជុលរថយន្ត និងមេកានិច។
ចំណែកដុនបូស្កូផ្នែកនារី បានបង្កើតឡើងក្នុងឆ្នាំ១៩៩២។ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោកខាងនារីមានជំនាញដូចជា គណនេយ្យ និងគ្រប់គ្រងការិយាល័យ សិល្បៈចំអិនអាហារ ដុតនំនិងធ្វើបង្អែម គេហកិច្ច ម្ហូបអាហារនិងភេសជ្ជៈ ផលិតកម្មម្ហូបអាហារ និងសម្អាងកាយ៕
ដោយកែវ កញ្ញា