សិប្បកម្មដូងតាកែវនាំផលិតផលកែច្នៃ ដាក់លក់ក្នុងពិព័រណ ពន្លកបៃតង
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ថ្នាក់ជាតិដ៏ធំក្រោមប្រធានបទ «ពន្លកបៃតង» ដែលមានការយុទ្ធនាការចែកកូនឈើជូនប្រជាពលរដ្ឋចំនួន ៥លានដើម អមដោយវេទិកាកេសរកូលជាតិលើកទី៨ ត្រូវបានបើកដំណើរការជាផ្លូវការហើយនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមការរៀបចំឡើងដោយក្រសួងបរិស្ថាន។
នៅក្នុងចំណោមស្តង់បង្ហាញផលិតផលជាច្រើន «សិប្បកម្មដូងតាកែវ» បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម តាមរយៈការនាំយកផលិតផលកែច្នៃពីធម្មជាតិ និងស្នាដៃដ៏សម្រិតសម្រាំងរបស់បងប្អូនមានពិការភាពមកដាក់បង្ហាញ និងលក់ជូនសាធារណជន។
សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ក្នុងគោលបំណងជួយជ្រោមជ្រែង បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពជនងាយរងគ្រោះ។
លោក មាគ ស៊ន អ្នកសម្របសម្រួលសិប្បកម្មដូងតាកែវ បានរៀបរាប់ឲ្យដឹងនៅក្នុងឱកាសនោះថា ផលិតផលទាំងអស់ដែលបាននាំមកផ្សព្វផ្សាយ និងលក់ជូនអតិថិជននៅក្នុងព្រឹត្តិការណ៍នេះ គឺជាផលិផលដែលកើតចេញពីស្នាដៃផ្ទាល់របស់បងប្អូនសិប្បករ ជាពិសេសគឺក្រុមនារីដែលមានពិការភាពនៃភូមិបឹងកំពង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងឱកាសពិព័រណ៍ថ្នាក់ជាតិនេះ សិប្បកម្មដូងតាកែវបានដាក់បង្ហាញផលិតផលកែច្នៃយ៉ាងសម្បូរបែប ដែលមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាព និងការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយសំណល់ ដោយការយកសម្បកដូងមកច្នៃជាវត្ថុមានតម្លៃ។
ផលិតផលដាក់បង្ហាញរួមមាន៖ គ្រឿងបរិភោគ និងផលិតផលថែរក្សាសម្រស់ នំស្ករគ្រាប់ដូង គ្រីមរក្សាសំណើមស្បែក សាប៊ូផលិតពីប្រេងដូង ប្រេងដូងត្រជាក់ និងមីដូង។ ក្រៅពីនេះ ក៏មានការនាំមកនូវម្រេចសរីរាង្គដែលមានប្រភពប្រកបដោយគុណភាពមកពីកសិដ្ឋានភ្នំវល្លិ៍ នៅក្នុងខេត្តកែប ផងដែរ។ សម្ភារប្រើប្រាស់កែច្នៃពីសំណល់សម្បកដូងរួមមាន កាបូប ធុងសំរាម កន្ត្រកសម្រាប់ដាក់ផ្កា ស្បែកជើងធ្វើពីសរសៃដូង សម្បកដូងសម្រាប់ដាក់កូនឈើ និងសម្បុកចាបយ៉ាងប្រណីត។
លោក មាគ ស៊ន បានសង្កត់ធ្ងន់ថា ក្រៅពីផលិតផល ដែលបានរៀបរាប់ខាងលើ នៅមានកាបូបដៃ ក្រណាត់ហូលផាមួង ក្រមានិង សម្ភារប្រើប្រាស់មួយចំនួនទៀត។
ជាមួយគ្នានេះ លោក មាគ ស៊ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ការគាំទ្រនាពេលកន្លងមក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងចាស់ទាំងថ្មី ឲ្យអញ្ជើញមកទស្សនា និងជួយទិញផលិតផលខ្មែរឲ្យបានកាន់តែច្រើនឡើង។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណក្រសួងបរិស្ថាន នៅមាត់ទន្លេរកោះពេជ្រ។ សិប្បកម្មដូងតាកែវ ចាប់ផ្ដើមបើកទទួលភ្ញៀវពីថ្ងៃទី១០ នេះតទៅ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបម្រើជូនអតិថិជន។ ការចូលរួមគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែជាការលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជានិរន្តរភាពការងារ និងការផ្ដល់ក្ដីសង្ឃឹមដល់បងប្អូនជនមានពិការភាពនៅក្នុងសហគមន៍ផងដែរ៕
ដោយRVAKhmer