សិក្ខាសាលាស្ដីអំពីសន្និបាតនិងស៊ីណូដាលព្រះសហគមន៍នៅកម្ពុជា
សិក្ខាសាលាស្ដីអំពីសន្និបាតនិងស៊ីណូដាលព្រះសហគមន៍នៅកម្ពុជា ដែលមានអ្នកចូលរួមមកពីភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង និងភូមិភាគកំពង់ចាម ជាអភិបាល បូជាចារ្យ បព្វជិត-ជិតា និងគ្រីស្តបរិស័ទ សរុបចំនួនជាង៤០នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលភូមិភាគភ្នំពេញ នាថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០២៤។ នាព្រឹកថ្ងៃបើកអង្គសិក្ខាសាលានេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតីក្នុងកម្មវិធីមានប្រសាសន៍ថា ស៊ីណូដាល គឺអោយយើងសហការគ្នារួមដំណើរជាមួយគ្នាដើម្បីប្រកាសដំណឹងល្អនិងការចូលរួមយ៉ាងសកម្ម។ លោកអភិបាលបានមានប្រសាសន៍ទៀតថា នៅថ្ងៃនេះយើងអរព្រះគុណព្រះជាម្ចាស់ ហើយយើងសង្ឃឹមថា យើងនឹងអាចធ្វើដំណើររួមជាមួយគ្នាក្នុងរបៀបសាមញ្ញ និងកុំអោយយើងភ្លេចខ្លួន ពេលមានគម្រោងការហើយត្រូវអនុវត្ត។ លោកអភិបាលបន្ថែមថា យើងត្រូវចេះ«សហការគ្នានៅគ្រប់កាលៈទេសៈនិងគ្រប់ពេលវេលា ដើម្បីអោយព្រះសហគមន៍របស់យើងទៅមុខ»។ ក្នុងថ្ងៃទី១នេះ នាពេលព្រឹកសិក្ខាកាមទាំងអស់បានឈ្វេងយល់អំពីមូលហេតុដែលព្រះសហគមន៍សកលបានរៀបចំអោយមានសន្និបាតស៊ីណូដាលព្រះសហគមន៍ រចនាសម្ព័ន្ធក្រុមសភាលោកអភិបាលនិងកិច្ចប្រជុំនានាអំពីដំណើរការស៊ីណូដាលនៅក្នុងព្រះសហគមន៍អាស៊ី។ និងពេលរសៀល ពួកគាត់បានរិះគិតអំពីពាក្យស៊ីណូដាលនិងអត្ថន័យក្នុងបរិបទនៃភាសាខ្មែរ និងព្រះនាងម៉ារីជានិមិត្តសញ្ញានៃស៊ីណូដាល។ កម្មវិធីថ្ងៃក្នុងរយៈពេលបីថ្ងៃនេះ មានវាគ្មិនគឺលោកបូជាចារ្យ ចច ប្លាតូតាំ( Fr. George Plathottam,SDB) ជាលេខាធិការរបស់សភាលោកអភិបាលកាតូលិកអាស៊ី ផ្នែកប្រព័ន្ធផ្សាព្វផ្សាយ(FABC-OSC) និង បណ្ឌិត ជេស៊ីកា ជយ កានដេឡារីយ៉ូ (Dr. Jessica Joy Candelario) ជាអ្នកសម្របសម្រួលកម្មវិធីសកម្មភាពរបស់ព្រះសហគមន៍នៅ CICM-Bukal ng Tipan នៃប្រទេសហ្វីលីពីន៕
ដោយកែវ កញ្ញា