សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាព
សាស្ត្រាចារ្យ ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ។
សពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក សំបូរ មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ ជាអតីតសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ជាសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជាផងដែរ។
លោកមានឪពុកជាគ្រូបង្រៀន និងមាននិស្ស័យស្រលាញ់ការសិក្សាតាំងពីក្មេង លោក សំបូរ មាណ្ណារ៉ា បានក្លាយជាគ្រូបង្រៀននៅដើមឆ្នាំ១៩៨០ ដែលជ្រើសយកភាសាអង់គ្លេសមកបង្រៀន។ ក្រោយចាប់ផ្ដើមការងារជាគ្រូបង្រៀនភាសាអង់គ្លេស បានប៉ុន្មានឆ្នាំ លោកក៏បានក្លាយជាគ្រូបង្រៀនប្រវត្តិសាស្ដ្រវិញម្ដង។ នេះបើយោងតាមគេហទំព័រ «ឧញ៉ា ញីវ»។
លោកសាស្រ្តាចារ្យ បានបញ្ចប់ការសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុង New Haven ព្រមទាំងសិក្សានៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី Event Study Program ដែលជាកម្មវិធីសិក្សាមុនដំបូងបំផុតដែលសិក្សាអំពីមុខវិជ្ជាប្រវត្តិសាស្រ្ដនិងការស្រាវជ្រាវ។
លោកត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់លោក សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលមានឋានៈស្មើ «រដ្ឋមន្ដ្រី» កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ព្រះអង្គ គូ សុភាព បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃទី២០ ខែមេសានេះដែរថា ៖ «យើងបានបាត់បង់បង់ធនធានមនុស្សដ៏ល្អកម្ររកបាន លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកប្រវត្តិសាស្ត្រ អ្នកដាស់តឿនយុវជនឱ្យមានស្មារតីស្រលាញ់ជាតិ»៕