សាលា​កាតូលិក ត្រូវ​អប់រំ​សិស្ស​តាម​ទស្សនៈកាតូលិក

កាលពីរសៀលថ្ងៃទី១៩ធ្នូ២០២៣ លោកអភិបាលអូលីវីយ៉េ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើក​បរវេសនកាលឆ្នាំសិក្សាថ្មី នឹងចែកវិញ្ញាបនបត្រ បណ្ណសរសើរជូន​ដល់​សិស្សានុសិស្សនៃសាលាបឋមសិក្សា និងវិទ្យាល័យចំណេះដឹងទូទៅ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈសន្តហ្វ្រង់ស្វ័រ ដែលស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្ត​តាកែវ។

ក្នុងកម្មវិធីនេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ នៃភូមិភាគភ្នំពេញ​បានមានប្រសាសន៍ថា ឆ្នាំ​ថ្មីនេះ យើងទាំង​អស់គ្នា មានគោលបំណង​ សុបិន្តដើម្បីរៀបចំអនាគតដ៏ភ្លឺស្វាង។ យើងដែល​ជា​សមាគមសិក្សា ដែលមានលោកគ្រូអ្នកគ្រូដែលបង្រៀនដឹកនាំ សិស្សានុសិស្ស និង​អាណាព្យាបាល យកចិត្តទុកដាក់ដើម្បីរៀបចំអនាគត នឹងបំពេញសុបិន្តផ្ទាល់ខ្លួនឱ្យក្លាយជាពិត។

លោកអភិបាល​បញ្ជាក់ថា ទន្ទឹមនឹងការសិក្សា សិស្ស​ត្រូវ​មានរបៀបរស់នៅក្នុងសង្គម និង​ក្នុងគ្រួសារ​ ដូច្នេះមាតាបិតាសំខាន់ណាស់។

លោកបន្តទៀតថា សាលានេះជាសាលារបស់​ព្រះសហគមន៍​កាតូលិក ហើយគោលការណ៍របស់យើងគឺចូលនៅក្នុងអត្តសញ្ញាណនៃព្រះសហគមន៍កាតូលិក ប៉ុន្តែ​មិនមែនណែនាំឱ្យសិស្ស​ចូលសាសនានោះទេ ហើយក៏មិនមែនបង្កើតកម្មវិធីអប់រំជំនឿនៅក្នុងសាលានោះដែរ  ប៉ុន្តែដើម្បីថែរក្សាទស្សនៈកាតូលិក។

តាម​ការបកស្រាយ​របស់​លោកអភិបាល​ ទស្សនកាតូលិក គឺយកចិត្តទុកដាក់​ថែរក្សាសិស្ស​​​ឱ្យរីក​ចម្រើនទាំងចំណេះដឹងទូទៅ​ និង​ការ​ទួល​ខុសត្រូវ ជួយពួកគាត់ឲ្យ​​ចូល​ក្នុ​ង​សង្គម ដឹងពី​របៀបរស់នៅ របៀប​យក​ចិត្ត​​​ទុកដាក់ និងរបៀបដែលយើងរៀនឲ្យ​បាន​ត្រឹមត្រូវ​។

លោកអភិបាល​បន្ថែមថា ការអប់រំ​គឺ​មិន​ត្រឹម​តែ​ចំណេះដឹងទូទៅ តែ​ត្រូវ​កសាង​សមត្ថភាព​ខួរក្បាល សាង​ចិត្ត​គំនិត​ឲ្យ​មាន​គំនិត​ច្នៃប្រឌិតថ្មីៗកើតឡើង។

លោកអភិបាល​សង្កត់ធ្ងន់ថា «នេះសំខាន់ណាស់ជារបៀបដែលយើងរៀន ដើម្បី​ទទួល​ចំណេះដឹងថ្មីៗគ្រប់ពេលវេលា»។

ក្នុងកម្មវិធីនេះចូលរួមពីសំណាក់លោកនាយកសាលា នាយិការង លោកគ្រូ​អ្នកគ្រូ  បុគ្គលិកសិក្សា និងមាតាបិតា  អាណាព្យាបាលសិស្ស ចូលរួម​​ប្រមាណ​ជា​៧០០នាក់។

សាលាបឋមសិក្សាចំណេះទូទៅ និង​ឯកទេសសិល្បៈសន្តហ្វ្រង់ស្វ័រ បង្កើត​ឡើង​​នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែល​មាន​ថ្នាក់​រៀន​ពីថ្នាក់ទី១ ដល់ទី៦ មាន​កម្មវិធីសិក្សា​ដូចជា​ កម្មវិធីសិក្សាអប់រំចំណេះទូទៅ និងកម្មវិធីអប់រំឯកទេសសិល្បៈ។

​លោក ជិ នី ជានាយកសាលាបឋមសិក្សាចំណេះទូទៅ និង​ឯកទេសសិល្បៈសន្តហ្វ្រង់ស្វ័រ បាន​ឲ្យដឹងថា ទិសដៅអនុវត្តសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤ សាលាបានកំណត់​យក​នូវវិធានការគន្លឹះ៤ និងដាក់ចេញនូវគោលការណ៍ជាអាទិភាព៧ចំណុច ដោយក្នុង​នោះ វិធានការគន្លឹះ៤ មាន ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងភាពជាដៃគូរ​រដ្ឋ ឯកជន និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។

លោកបន្តទៀតថា សម្រាប់គោលការណ៍ជាអាទិភាព៧ចំណុចវិញមានដូចជា អប់រំឱ្យ​សិស្សានុសិស្សស្របតាមគោលការណ៍មនុស្សសកល យកចិត្តទុកដាក់លើការ​រីកចំរើន​តាមទេពកោសល្យរបស់សិស្សម្នាក់ៗ អភិវឌ្ឍគុណវុឌ្ឍគ្រូបង្រៀន ពង្រឹងការបង្រៀន ការរៀនរបស់គ្រូនិងសិស្ស ​ពង្រឹងការអប់រំឱ្យស្របតាមចតុស្តម្ភទាំង៤នៃការអប់រំ ពង្រឹងការងារដឹកនាំនិងគ្រប់គ្រង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យអប់រំ មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ​ លោក ប៉ិច វិបុល នាយកសាលាវិទ្យាល័យចំណេះដឹងទូទៅ និងវិជ្ជាជីវៈ​បណ្ដុះបណ្ដាលសន្តហ្វ្រង់ស្វ័របានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០២២-២០២៣​កន្លង​មកនេះ វិទ្យាល័យមានសិស្សសរុបចំនួន២៣៧នាក់ ស្រី១៤៣នាក់ ក្នុងនោះ​ផ្នែកមធ្យមសិក្សាបឋមភូមិមានចំនួន១២១នាក់ ស្រី៧៥នាក់ និងផ្នែកមធ្យមសិក្សា​ទុតិយភូមិមានចំនួន១១៦នាក់ ស្រី៦៨នាក់ ហើយលទ្ធផលនៃការប្រឡងថ្នាក់ជាតិ សិស្សថ្នាក់ទី៩មាន៣៩នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០% និងសិស្សថ្នាក់ទី១២មានចំនួន៣៦នាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០%។

លោកបន្តថា នៅឆ្នាំសិក្សាថ្មី២០២៣-២០២៤នេះ វិទ្យាល័យមានបុគ្គលិកសរុប៣៤នាក់ ស្រី៥នាក់ មានសិស្សសរុបចំនួន២៤១នាក់ ស្រី១៥២នាក់ ហើយទិសដៅសំខាន់ៗ​ដែល​​ត្រូវ​​អនុវត្តន៍ក្នុងឆ្នាំសិក្សាថ្មីនេះមាន រិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតសម្រាប់ការបង្រៀននិងរៀន​ ពង្រីកការបង្រៀនតាមគោលវិធីសិស្សមជ្ឈមណ្ឌល បផុសគ្រូ សិស្ស ឱ្យផលិតសម្ភារបង្រៀននិងរៀនឱ្យបានច្រើន បំពាក់ឯកសារបន្ថែមក្នុងបណ្ណាល័យ និងជំរុញការសិក្សាស្រាវជ្រាវ ជំរុញការរៀនរបស់សិស្សតាមរយៈការដាក់កិច្ចការផ្ទះ បំប៉នសិស្សពូកែដែលត្រៀមលក្ខណៈចូលរួមប្រឡងសិស្សពូកែនានា បំប៉នសិស្សដែលរៀនយឺត​ អនុវត្តការប្រឡងប្រចាំខែ ប្រចាំឆមាសឱ្យបានទៀងទាត់ ថែទាំបរិស្ថានឱ្យបានល្អជាប្រចាំ ជំរុញការហ្វឹកហាត់កីឡារបស់សិស្សដើម្បីសុខភាព ពង្រីកកិច្ចសហការជាមួយមាតាបិតាសិស្ស និង អនុវត្តន៍តាមសារាចរណែនាំរបស់មន្ទីរនិងក្រសួងអប់រំយុវជន និងកីឡាឱ្យបានល្អប្រសើរ។

ក្នុងកម្មវិធីនេះដែរ នៅពេលរាត្រីមានការសម្ដែងរឿងព្រះយេស៊ូប្រសូត្រ ការសម្ដែងរបាំ​ ចម្រៀងកាយវិការដោយសិស្សានុសិស្សនៃសាលាទាំងពីរ ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត្រដោយលោកអភិបាល អូលីវីយ៉េ បាន​ចែកកាដូជាវត្ថុអនុស្សាវរីយ៍មួយចំនួន​ដល់​សិស្សានុសិស្ស៕

 

ដោយ​ចាន់ ម៉ានុត

Daily Program

Livesteam thumbnail