សាលាដំបូងខេត្តសៀមរាប ​សម្រេចឃុំខ្លួនជនត្រូវចោទមួយរូបទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ី្រលាន ស៊ីធីវើលដ៍

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប​ បាន​សម្រេច​ឃុំខ្លួន ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ ឯ.ក ​បន្ទាប់ពី​បាន​នាំខ្លួន​មក​សាកសួរ​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៤​។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​នាថ្ងៃទី​២ ខែឧសភានេះ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បាន​ឱ្យដឹងថា ​នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីនគរបាលយុត្តិធម៌បាននាំខ្លួន ជនត្រូវចោទឈ្មោះ រ៉េត សុធីដា មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ។

សេចក្តីប្រកាសបានបន្តថា ក្រោយពីបានសួរចម្លើយ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា រួចមក និ​ងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោ​យ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។​

សូមបញ្ជាក់ថា ផ្អែកតាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រធានក្រុមហ៊ុនប្រ៊ីលាន ស៊ីធីវើលដ៍ បានបញ្ជាក់ថា ជនត្រូវចោទ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ ដែលស្របនឹងការអះអាងជារួមរបស់ជនត្រូវចោ​ទ ឈ្មោះ រ៉េត សុធីដា ដែលបានឆ្លើយចំពោះមុខចៅក្រមស៊ើបសួរថាកន្លងមកខ្លួនធ្លាប់បានណែនាំមិត្តភក្តិឱ្យ ដាក់ប្រាក់ចូលក្នុងក្រុមហ៊ុន ហើយខ្លួនក៏ទទួលបានផលប្រយោជន៍ជាប្រាក់មួយចំនួនពីការងារខាងលើ។

បន្ថែមលើសពីនេះ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា បានឆ្លើយបញ្ជាក់ច្បាស់ថា «ខ្លួនមិនបានទ​ទួលរងនូវការខាតបង់អ្វីមួយនៅក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ នោះទេ ដោយសារខ្លួនមិនបានដាក់ប្រាក់នៅក្នុងក្រុមហ៊ុន»​។

តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា និងជនត្រូវចោទឈ្មោះ រ៉េត សុធីដា ឃើញថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ពិតជាមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ ហើយជ​នត្រូវចោទឈ្មោះ រ៉េត សុធីដា មិនមែនជាជនរងគ្រោះឡើយ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបាន​បញ្ជាក់​ថា ៖ «សាលាដំបូងខេត្តសៀមរាបនឹងបន្តចា​ត់ការ សំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូ​នអ្នកពាក់ព័ន្ធទាំងអស់»។​

សូមរម្លឹកដែរថា ជនត្រូវចោទ ឡេង ចាន់ណា ​ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងកា​រវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារ រួមនឹងបក្សពួក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នាខេត្តសៀមរាប៕

 

Daily Program

Livesteam thumbnail