សហគមន៍អឺរ៉ុបនឹងដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកឆាល មីឆែល បានថ្លែងថា សហគមន៍អឺរ៉ុប បានសម្រេចចិត្ត ដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង ដែលសំដៅលើក្រុមហ៊ុនផលិតដ្រូន និងមីស៊ីល។
កាលពីថ្ងៃពុធ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកឆាល មីឆែល បានថ្លែងថា សហគមន៍អឺរ៉ុប បាន សម្រេចចិត្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ងដែលសំដៅលើក្រុមហ៊ុនផលិតដ្រូន និងមីស៊ីល។
នៅអំឡុងកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែល ដែលប្រមូលផ្តុំមេដឹកនាំ ២៧ប្រទេស លោក លោកឆាល មីឆែលបានថ្លែងថា ៖ “យើងបានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង យើងចង់ ផ្ញើសារច្បាស់បន្ទាប់ពីមានការវាយប្រហារប្រឆាំងអ៊ីស្រាអែល។ លោកបានបន្ថែមថា ៖ “គំនិតគឺ ចង់សំដៅដល់ក្រុមហ៊ុន ដែលមានតួនាទី នៅក្នុងការផលិតដ្រូន និងមីស៊ីល”។
ប្រទេសអ៊ីរ៉ងបានបាញ់ដ្រូន និងមីស៊ីលឆ្ពោះទៅរកដែនដីអ៊ីស្រាអែល នៅក្នុងយប់ថ្ងៃសៅរ៍ ឆ្លង ចូលថ្ងៃអាទិត្យ ឆ្លើយតបនឹងការវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ទៅលើឧបសម្ព័ន្ធកុងស៊ុលនៃស្ថានទូតអ៊ីរ៉ងនៅទីក្រុងដាម៉ាស ក្នុងប្រទេសស៊ីរី ហើយប្រទេសអ៊ីរ៉ងដាក់បន្ទុកទៅលើអ៊ីស្រាអែលថា ជាអ្នកធ្វើ។ មីស៊ីល និងដ្រូនស្ទើរតែទាំងអស់ ត្រូវបានបំផ្លាញមុននឹងធ្លាក់ទៅដល់ទឹកដីអ៊ីស្រាអែល។ នេះគឺជាការវាយប្រហារលើកទី១ ដោយផ្ទាល់របស់អីរ៉ងប្រឆាំងអ៊ីស្រាអែល។
នៅក្នុងសេចក្តីប្រកាសដែលប្រកាន់យក ចេញពីកិច្ចប្រជុំកំពូល មេដឹកនាំនៃសហគមន៍អឺរ៉ុប បានអំពាវនាវាឲ្យគ្រប់ភាគីបង្ហាញញនូវការអត់ធ្មត់ខ្ពស់បំផុត និងចៀសឲ្យឆ្ងាយពីរាល់សកម្មភាពដែលនឹងអាចបង្កើនភាពតានតឹងបន្ថែមនៅក្នុងតំបន់”។
ចំណែកអ៊ីស្រាអែលសន្យាថា នឹងដឹកនាំការវាយប្រហារឲ្យបានលឿន ទៅលើអ៊ីរ៉ង ដើម្បីជាការសងសឹកសម្រាប់ការបាញ់មីស៊ីលដោយទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន មកលើទឹកដីខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអាម៉េរិក បានបញ្ជាក់ថាអ៊ីស្រាអែលចុងក្រោយបានពិនិត្យមើលផែនការរបស់ខ្លួនឡើងវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែល បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្រេចថា មិនដាក់ដំណើរការផែនការវាយប្រហារសងសឹកដោយមិនចាំបាច់ជូនដំណឹងក្នុងករណីមានការវាយប្រហារ បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បាយឌិន។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានថ្លែងក្នុងភាពអនាមិចថា ៖ “ភាពរស់រវើកខាងការទូត បានដើរតួយ៉ាងសំខាន់ (...) វាប្រាកដជាមានការឆ្លើយតប ប៉ុន្តែវានឹងខុសគ្នាពីអ្វីដែលត្រៀមធ្វើពីដំបូង”។
តាមប្រភពព័ត៌មានអ៊ីស្រាអែលដែលសុំនៅអនាមិចដូចគ្នា និងបានលេចឡើងនៅលើគេហទំព័រអាម៉េរិក Axios បង្ហាញថា គណៈសង្រ្គាមអ៊ីស្រាអែល បានធ្វើការបញ្ឆោតជាមួយគំនិតនៃការផ្តល់ភ្លើងខៀវឲ្យវាយប្រហារបក ប៉ុន្តែមិនបានបញ្ជាទេ។ គេហទំព័រ Axios ស្រង់យកសំដី អ្នកទទួលខុសត្រូវអាម៉េរិក ដោយលើកឡើងថា ៖ “អាម៉េរិកមិនដឹងថា ហេតុអ្វី ឬនៅចំនុចណា ដែលត្រូវវាយប្រហារប្រឆាំងនឹងអ៊ីរ៉ងនៅឡើយ ដែលអាចកើតមានភ្លាមៗ នោះ”។
យោងតាមគេហទំព័រនេះ អ៊ីស្រាអែល បានពន្យល់ទៅកាន់រដ្ឋបាលលោកបាយឌិន ដែលជំរុញឲ្យមានការអត់ធ្មត់ និងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការរងចាំ។
បើយោងតាមសារព័ត៌មានអាម៉េរិក ABC រដ្ឋាភិបាល អ៊ីស្រាអែល បានពិចារណា ពីរដង ក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង ប៉ុន្តែមិនបញ្ចេញសកម្មភាព។ ប៉ុន្តែលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយម្តងហើយម្តងទៀតថា អ៊ីស្រាអែលមានសិទ្ធការពារខ្លួន ប្រឈមនឹងការអំពាវនាវពីសហគមន៍អន្តរជាតិ ដែលព្យាយាមរារាំង ការវាយបកររបស់អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង ដែលនឹងបង្កើតហានិភ័យឲ្យមានជម្លោះកាន់តែស្រួចស្រាវនៅមជ្ឈិមបូព៌ា។