សម្តេចប៉ាបអធិដ្ឋានសុំសន្តិភាព និងស្ថិរភាពក្នុងប្រទេសហៃទី និងប្រទេសដែលហែកហួរដោយសង្រ្គាម
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានអំពាវនាវ និងទូលអង្វរសុំអោយព្រះជាម្ចាស់មេត្តាបង្ហាញផ្លូវដើម្បីឆ្ពោះទៅរកស្ថេរភាពនិងសុខ សន្តិភាពនៅក្នុងប្រទេសហៃទីនិងប្រទេសនានានៅក្នុងពិភពលោកដែលកំពុងតែបន្តហែកហួរដោយសង្រ្គាម។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានអធិដ្ឋានឲ្យព្រះជាម្ចាស់ជួយដល់ប្រជាជនហៃទី ដែលត្រូវការសន្តិភាព និងស្ថិរភាពជាខ្លាំង បន្ទាប់ពីមានភាពចលាចលនយោបាយជាច្រើនខែ ឧក្រិដ្ឋកម្មដ៏ខ្លាំងក្លា និងការដួលរលំនៃហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខជាតិ។
ថ្លែងមុនពេលកម្មវិធីថ្វាយអភិបូជា នៅទីក្រុង វឺនីស ( Venice ) ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យ សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំកំពុងគិតអំពីប្រទេសហៃទី ដែលជាកន្លែងគេដាក់រដ្ឋក្នុងគ្រាអាសន្ន ហើយប្រជាជនអស់សង្ឃឹមដោយសារតែការដួលរលំនៃប្រព័ន្ធសុខាភិបាល កង្វះអាហារ និងអំពើហិង្សាដែលជំរុញឱ្យមនុស្សភៀសខ្លួន»។
សម្តេចប៉ាបក៏បានអធិដ្ឋានសុំអោយរដ្ឋាភិបាលអន្តរកាលមួយដែលទើបតែបានស្បថចូលកាន់តំណែងក្នុងប្រទេសនៅប្រជុំកោះការ៉ាប៊ិននេះ ស្វះស្វែងស្តារទំនុកចិត្តនិងជំរុញឲ្យស្ថាប័ននិងសហគមន៍អន្តរជាតិបន្តអំពាវនាវឱ្យមានការគាំទ្រពីដល់ការរៀបចំរដ្ឋនិងអំណាចប្រកបដោយភាពស្របច្បាប់ឲ្យបានទូលំទូលាយ។
សម្តេចប៉ាបបានស្នើឲ្យប្រជាជាតិនានានិងព្រះជាម្ចាស់គាំទ្រនិងជំរុញឲ្យក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលថ្មីដែលបានចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអាចដឹកនាំប្រទេសឲ្យសម្រេចបានសន្តិភាព និងស្ថិរភាព។
ដោយឡែកចំពោះស្ថានភាពនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា សម្តេចប៉ាបដែលជាអភិបាលនៃព្រះសហគមន៍ក្រុមរ៉ូម ក៏បានជំរុញនិងអធិដ្ឋានឲ្យមានសន្តិភាពនៅតំបន់ជម្លោះទាំងនោះផងដែរ។
សម្តេចប៉ាបបានមានបន្ទូលថា សូមព្រះជាម្ចាស់នៃសន្តិភាពបំភ្លឺចិត្តនិងដឹកនាំមេដឹកនាំនានាដើម្បីឱ្យពួកគេមានឆន្ទៈបើកចិត្តគំនិតនិងបេះដូងឆ្ពោះទៅរកការសន្ទនានិងការផ្សះផ្សាអាចលូតលាស់លើមាគ៌ាសន្តិភាព៕