សម្តេចប៉ាប៖ ព្រះសហគមន៍មិនអាចបន្តទៅមុខបានទេបើគ្មានលោកបូជាចារ្យ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសរសេរលិខិតមួយច្បាប់ជូនដល់លោកបូជាចារ្យព្រះសហគមន៍នានាថា ព្រះសហគមន៍កាតូលិកនឹងមិនអាចបន្តដំណើរទៅមុខបានឡើយប្រសិនបើគ្មានការលះបង់របស់លោកបូជាចារ្យទាំងអស់។
នេះបើតាមសម្រង់ខ្លឹមសារនៅក្នុងសារលិខិតរបស់សម្តេចប៉ាបដែលទ្រង់បានសរសេរ និងផ្ញើជូនអស់លោកបូជាចារ្យនៅតាមព្រះសហគមន៍កាតូលិកនានាដែល ចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ មួយដែលគេហៅថា សន្និបាតលោកបូជាចារ្យព្រះសហគមន៍កាតូលិក។
សម្តេចប៉ាបបញ្ជាក់ថា ព្រះសហគមន៍កាតូលិកមិនអាចបន្តបានដោយគ្មានសេចក្តីស្រឡាញ់ សេចក្តីជំនឿ និងការលះបង់របស់អស់លោកបូជាចារ្យបានទេ។
ជាមួយនឹងបន្ទូលបែបនេះ សម្តេចប៉ាប បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកបូជាចារ្យនៅក្នុងព្រះសហគមន៍កាតូលិក។
វ៉ាទីកង់់ញូវបានរាយការណ៍ថា អស់លោកបូជាចារ្យព្រះសហគមន៍កាតូលិកប្រហែល៣០០ នាក់មកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅសប្តាហ៍នេះនៅ Sacrofano ជាយទីក្រុងរ៉ូមដើម្បីចូលរួម កិច្ចប្រជុំរយៈពេលប្រាំថ្ងៃដែលឧទ្ទិសដល់ការស្តាប់ ការអធិដ្ឋាន និងការយល់ឃើញដើម្បីដោះស្រាយសំណួរអំពីរបៀបដែលព្រះសហគមន៍កាតូលិកអាចឆ្លើយតបបាន ទៅនឹងជំនឿ៕