សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទេព វង្ស បានយាងចូលទិវង្គត
ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយក បានចេញសេចក្តីថ្វាយ-ប្រគេន និងជូនដំណឹង ស្ដីពីការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងតាមរយៈសេចក្តីជូនដំណឹងនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៤០ នាទី ដោយព្រះជរាពាធក្នុង ជន្មាយុ៩៣ ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ៖ «ព្រះសពត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង ចំពោះកាលបរិច្ឆេទនៃព្រះរាជពិធីថ្វាយព្រះភ្លើងនឹងត្រូវថ្វាយ-ប្រគេន-ជូនដំណឹងនៅពេលក្រោយ»។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះនាម ទេព វង្ស (គណៈមហានិកាយនៃកម្ពុជា) បានប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ព្រះផ្នួសលើកទី១ នៅឆ្នាំរោង គ.ស.១៩៥២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ «ពុទ្ធសរ» ព្រះសមុហ៍ ព្រះចៅអធិការ វត្តរាជបូណ៌ ខេត្តសៀមរាប។
ព្រះអង្គបានសាងព្រះផ្នួសលើកទី២ នៅថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឋិតសីលោ និមន្តមកពីកម្ពុជាក្រោម។ នៅឆ្នាំ១៩៧៩ ដដែលបានឡើងនាទីជាព្រះវិន័យធរ ប្រធានសង្ឃ និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាម កើត វ៉ាយ។
ព្រះវិន័យធរ ទេព វង្ស ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗដែលជាអតីតព្រះថេរសម័យមុន ដែលបានផ្សឹកក្នុងសម័យខ្មែរក្រហម ហើយរស់រានជីវិតក្រោយរបបខ្មែរក្រហម និងបានចូលមកបួសបំពេញឧបសម្បទាជាផ្លូវការឡើងវិញក្នុងសំណាក់ព្រះវិន័យធរ ទេព វង្ស នៅវត្តឧណ្ណាលោម នាឆ្នាំ១៩៧៩, ៨០, ៨១...។
ចំពោះព្រះគោរម្យ៍ងារ នៅឆ្នាំ១៩៧៩ ព្រះអង្គជាព្រះវិន័យធ ជាព្រះឧបជ្ឈាយ៍នៃកម្ពុជា។ នៅឆ្នាំ១៩៩១ មានគោរម្យ៍ងារជាព្រះមហាសុមេធាធិបតីសង្ឃនាយក ជាសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជគណៈមហានិកាយ (១៥វិច្ឆិកា១៩៩១) និងជាសម្ដេចព្រះមហាសង្ឃរាជ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦រហូតមកដល់បច្ចុប្បន្ន។
ក្នុងរវាងឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ ព្រះមហាសង្ឃរាជបានចូលរួមក្នុងជំនួបរវាងបណ្តាអ្នកដឹកនាំសាសនាដ៏ច្រើនក្នុងពិភពលោកដើម្បីអំពាវនាវ និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីរក្សាការពារសន្តិភាពដល់ពិភពលោក ដែលបានរៀបចំឡើងដោយសមាគមគ្រហស្តកាតូលិកពិភពលោក (Sant’Egidio)តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨។
សមាគមមួយនេះ មានសមាជិកប្រមាណ៧ម៉ឺននាក់ដែលមាននៅក្នុង៧៣ប្រទេស ដែលល្បីល្បាញថាជាអ្នកជួយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសម៉ូហ្សំប៊ិក(Mozambique) ជាអ្នកផ្តល់ជំនួយមនុស្សធម៌ដល់ស៊ាប់សាហារ៉ា(sub-Saharan)ក្នុងទ្វីបអាហ្វ្រិក និងជាក្រុមតស៊ូមតិលើសន្តិភាពពិភពលោក។
សមាគមនេះបានអញ្ជើញសម្តេចឲ្យចូលរួម ដោយមានបន្ទូលអំពីផ្លូវនៃសន្តិភាព ស្ថានភាពអ្នកជំងឺនិងអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា និងដំណោះស្រាយនានាដើម្បីបញ្ចប់ហិង្សារវាងកម្ពុជានិងវៀតណាមផងដែរ៕
អត្ថបទដោយ អមរិន្ទ ដានុត