នគរបាលឃាត់ខ្លួនជនសង្ស័យជិត៤០០នាក់នៅដើមខែឧសភា
គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម។
ក្នុងនោះមានជនសង្ស័យចំនួន ៣៧៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀត។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា មានជនសង្ស័យចំនួន ២៣០នាក់ ត្រូវបាននគរបាលឃាត់ខ្លួនក្នុងករណីបទល្មើសគ្រឿងញៀនផ្សេងៗគ្នាចំនួន ៩១ករណី ភាគច្រើនជាករណីជួញដូរ រក្សាទុក និងប្រើប្រាស់ទ្រង់ទ្រាយតូច ខណៈបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ មាន ១ករណី នៅខេត្តព្រះសីហនុ ដោយសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ១នាក់ ដកហូតគ្រឿងញៀនជាង ៥៨គីឡូក្រាម និងអាវុធ១ដើម។
លោក ទូច សុខៈ បានបន្ថែមថា ក្រៅពីបទល្មើសគ្រឿងញៀន មានករណីលេងល្បែងស៊ីសង ខុសច្បាប់ ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌនានា ក្នុងនោះ សម្រាប់បទល្មើសព្រហ្មទណ្ឌ ដូចជាករណីលួច ហិង្សា រំលោភ មនុស្សឃាតដោយអចេតនា ឆក់ ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ មានចំនួន ៣២ករណី។
លោកថា ក្នុងនោះមានការឃាត់ខ្លួនជនសង្ស័យចំនួន ៥០នាក់ ករណីក្មេងទំនើងមាន ២៨ករណី ឃាត់ខ្លួនជនសង្ស័យ ៥១នាក់ និងករណីល្បែងស៊ីសងមាន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ ក្នុងនោះមានខ្លះបានធ្វើកិច្ចសន្យាអប់រំកែប្រែ និងខ្លះទៀតបញ្ជនទៅតុលាការ៕