សម្តេចប៉ាប ឡេអូ ទី១៤ យាងជួបជាមួយជនរងគ្រោះរួចផុតពីការរំលោភបំពាននៅប្រទេសបារាំង
កាលពីថ្ងៃទី២៧ ខែកញ្ញា សម្តេចប៉ាប ឡេអូ ទី១៤ បានយាងជួបជាមួយជនរងគ្រោះរួចផុតពីជីវិតស្លាប់រស់ចំនួន ៧ នាក់ ដែលធ្លាប់រងគ្រោះដោយសារការរំលោភបំពានផ្លូវភេទពីសំណាក់បុគ្គលក្នុងជួរអ្នកបម្រើការងារសាសនា នៅទីក្រុងលូដេស (Lourdes) ប្រទេសបារាំង។ ក្នុងឱកាសនោះ ទ្រង់បានបង្ហាញពីការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលចំពោះអ្នកដែលនៅតែបន្តរងទុក្ខវេទនាដោយសាររបួសផ្លូវចិត្ត ដែលបណ្តាលមកពីការរំលោភបំពានទាំងនោះ។
នៅក្នុងជំនួបនោះ លោកអភិបាល ហ្សេរ៉ាដ ឡឺស្តង់ (Gérard Le Stang) ប្រធានក្រុមប្រឹក្សាសម្រាប់ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើបំពានផ្លូវភេទលើកុមារ នៃមហាសន្និបាតលោកអភិបាលព្រះសហគមន៍កាតូលិកបារាំង ក៏មានវត្តមានផងដែរ។
យោងតាម វ៉ាទីកង់ញូវ (Vatican News) ក្រុមជនរងគ្រោះទាំងនោះរួមមានបុរស ៤ នាក់ និងស្ត្រី ៣ នាក់ ដែលធ្លាប់រងការរំលោភបំពាននៅក្នុងព្រះសហគមន៍កាតូលិកក្នុងតំបន់នោះ។
នាឱកាសនោះ សម្តេចប៉ាប ឡេអូ បានស្តាប់រឿងរ៉ាវនៃភាពឈឺចាប់ និងទុក្ខវេទនារបស់ពួកគេ។ រឿងរ៉ាវទាំងនោះរួមបញ្ចូលទាំងករណីដែលការរំលោភបំពានបានកើតឡើងដោយមានការបិទបាំង ឬការឃុបឃិតពីសំណាក់អ្នកដែលអាចជួយពួកគេបាន។ សម្តេចប៉ាប ឡេអូ ក៏បានស្តាប់សំណូមពររបស់ពួកគេ អំពីវិធីសាស្ត្រទប់ស្កាត់កុំឱ្យមានការរំលោភបំពានបែបនេះកើតឡើងម្តងទៀតផងដែរ។
នៅចុងបញ្ចប់នៃជំនួប សម្តេចប៉ាប ឡេអូ បានថ្លែងអំណរគុណចំពោះពួកគេដែលបានចែករំលែករឿងរ៉ាវដ៏ឈឺចាប់របស់ខ្លួន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទ្រង់ក្នុងការធានាថា អំពើអាក្រក់ដែលពួកគេបានជួបប្រទះ នឹងមិនកើតឡើងចំពោះអ្នកដទៃទៀតឡើយ។
សម្តេចប៉ាប ឡេអូ បានបង្ហាញពីភាពស្និទ្ធស្នាលជាមួយពួកគេ និងបានពង្រីកការយកចិត្តទុកដាក់នោះទៅដល់មនុស្សទាំងអស់ដែលធ្លាប់រងគ្រោះ និងកំពុងបន្តរងទុក្ខដោយសារការរំលោភបំពាន។ ទ្រង់បានសម្តែងក្តីសង្ឃឹមថា គ្រប់ភាគីអាចសហការគ្នាដើម្បីជួយធ្វើឱ្យព្រះសហគមន៍កាតូលិក ក្លាយជាទីកន្លែងដែលមនុស្សគ្រប់វ័យអាចស្វែងរកការលួងលោមចិត្ត និងការព្យាបាលរបួសផ្លូវចិត្តបាន។
