ដូនជីនៃក្រុមគ្រួសារកូនស្រីមេត្តាករុណានៅភាគខាងកើតនៃប្រទេសឥណ្ឌា ប្រារព្ធពិធីរំលឹកដល់គំរូនៃការបម្រើរបស់សន្តវាំងសង់ ដឺប៉ូល

យុវតីជាសិស្សជាង ៣០០ នាក់ និងក្រុមដូនជីនៃក្រុមគ្រួសារកូនស្រីមេត្តាករុណា (Daughters of Charity) ចំនួន ១៤ នាក់ បានជួបជុំគ្នានៅមជ្ឈមណ្ឌលដូនជីក្នុងទីក្រុងរ៉ៃគៀ (Raikia) រដ្ឋអូឌីសា (Odisha) ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃទី២៧ ខែកញ្ញា ដើម្បីប្រារព្ធពិធីបុណ្យរំលឹកដល់សន្តវាំងសង់ ដឺប៉ូល (Saint Vincent de Paul) និងរំលឹកឡើងវិញអំពីគំរូនៃការបម្រើរបស់លោកចំពោះជនក្រីក្រ និងអ្នកដែលត្រូវបានគេមើលរំលងនៅក្នុងសង្គម។

ពិធីនេះបានលើកឡើងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់បូជាចារ្យជនជាតិបារាំងរូបនេះ ចំពោះការផ្សព្វផ្សាយដំណឹងល្អ ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងការបម្រើជាក់ស្តែងដល់ប្រជាជនដែលរស់នៅស្រទាប់ក្រីក្រនៅក្នុងសង្គម។

លោកបូជាចារ្យ ភូរូសុតាំ ណាយ៉ាក់ (Purushottam Nayak) ជានាយកសាលាអនុវិទ្យាល័យ និងវិទ្យាល័យកម្រិតទាប វីចាយ៉ា (Vijaya Higher Secondary Junior College) ក្នុងទីក្រុងនោះ គឺជាអ្នកដឹកនាំពិធីនេះ។

លោកបូជាចារ្យបានមានប្រសាសន៍នៅក្នុងធម្មទេសនាថា សន្តវាំងសង់ ដឺប៉ូល រំលឹកយើងថា ដំណឹងល្អមិនអាចស្ថិតនៅត្រឹមតែពាក្យសម្តី និងការអធិស្ឋានប៉ុណ្ណោះទេ គឺត្រូវតែបង្ហាញឱ្យឃើញជាក់ស្តែងតាមរយៈការយកចិត្តទុកដាក់របស់យើងចំពោះជនក្រីក្រ អ្នកជំងឺ អ្នកដែលត្រូវបានគេបំភ្លេចចោល និងអ្នកដែលកំពុងរងទុក្ខវេទនា។ លោកបូជាចារ្យក៏បានលើកទឹកចិត្តយុវជនឱ្យចាត់ទុកការបម្រើជាផ្នែកមួយដ៏សំខាន់នៃការរស់នៅជាសិស្សរបស់ព្រះគ្រិស្ត។

លោកបានមានប្រសាសន៍ថា «សូមកុំរង់ចាំឱកាសធំដុំដើម្បីធ្វើការបម្រើ។ ចូរយើងចាប់ផ្តើមជាមួយមនុស្សដែលនៅចំពោះមុខយើង ដូចជាជនក្រីក្រ អ្នកឯកោ អ្នកជំងឺ និងអ្នកដែលត្រូវបានគេបំភ្លេចចោល។ សូមឱ្យជំនឿរបស់យើងក្លាយជាដៃដែលចេះបម្រើ ជាបេះដូងដែលចេះស្តាប់ និងជាជីវិតដែលចេះចែករំលែក»។

Daily Program

Livesteam thumbnail
khmer popup image