សម្តេចប៉ាប បារម្ភក្រោយការចាប់ខ្លួនបូជាចារ្យនៅនីការ៉ាហ្គាជាបន្តបន្ទាប់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋានសម្រាប់ព្រះសហគមន៍ និងគ្រីស្តបរិស័ទនៅប្រទេសនីការ៉ាហ្គាដែលជាប្រទេសមួយស្ថិតនៅអាមេរិកកណ្តាលក្រោយពេលដែលអាជ្ញាធរនៅក្នុងប្រទេសនេះ បានចាប់ខ្លួនលោកអភិបាលនិងបូជាចារ្យព្រមទាំងនិស្សិតទេវវិទ្យាល័យជាបន្តបន្ទាប់។

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវសម្តេចប៉ាបបានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំបានតាមដានដោយក្តីបារម្ភយ៉ាងខ្លាំងនូវអ្វីដែលកំពុងកើតឡើងក្នុងប្រទេសនីការ៉ាហ្គ័រ ជាកន្លែងដែលលោកអភិបាល និង លោកបូជាចារ្យត្រូវបានគេដកហូតសេរីភាពរបស់ពួកគេជាបន្តបន្ទាប់»។

សម្តេចប៉ាបមានក្តីបារម្ភ និងបានអធិដ្ឋានជូនដល់អស់អ្នកដែលកំពុងតែមានពិរុទ្ធដោយមិនមានទោស ក្រុមគ្រួសាររបស់ពួកគេ និងព្រះសហគមន៍ទាំងមូលនៅក្នុងប្រទេសនេះ។

សម្តេចប៉ាបក៏បានកោះអញ្ជើញគ្រីស្តបរិស័ទនិងប្រជាជនទាំងអស់ចួលរួមអធិស្ឋានជាមួយទ្រង់ដើម្បីព្រះជាម្ចាស់បង្ហាញផ្លូវនិងរកដំណោះស្រាយនៅក្នុងករណីនេះ។

សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ៖ «ទូលបង្គំជាខ្ញុំសង្ឃឹមថាយើងតែងតែស្វែងរកផ្លូវនៃការសន្ទនាដើម្បីជម្នះការលំបាក។ ចូរយើងអធិស្ឋានសម្រាប់ប្រទេសនីការ៉ាហ្គ័នៅនេះ»។

នៅក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ អាជ្ញាធរនីការ៉ាហ្គាបានឃាត់ខ្លួនបូជាចារ្យ១៤ នាក់ លោកអភិបាលព្រះសហគមន៍ម្នាក់ និងនិស្សិតទេវវិទ្យាល័យ២ នាក់ ក្រោយពេលដែល ចាប់ខ្លួននឹងដាក់ទោសអភិបាលម្នាក់ដាក់ពន្ធនាគារ២៦ ឆ្នាំ។

នីការ៉ាហ្គា ជាប្រទេសស្ថិតនៅក្នុងតំបន់អាមេរិកកណ្ដាល ដែលមានប្រជាជនសរុបប្រមាណ៧លាននាក់ ហើយមានអ្នកកាន់សាសនាគ្រីស្តច្រើនជាងគេ រហូតដល់ទៅ៩០% ក្នុងនោះមាននិកាយកាតូលិកចំនួន៧៣% ។

 

នីការ៉ាហ្គា បានក្លាយជាប្រទេសប្រជាធិបតេយ្យតាំងពីឆ្នាំ២០០៦ ក្រោមការដឹកនាំរបស់លោកដានីញ៉ែល អ័ទីកា (Daniel Ortega)។ ប៉ុន្តែគេបានសង្កេតឃើញថា លិទ្ធិប្រជាធិបតេយ្យនៃប្រទេសនេះបានដើរថយក្រោយបន្តិចម្ដងៗ ទៅរករបបផ្តាច់ការ ដោយប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមបាតុកម្ម ក្នុងអំឡុងឆ្នាំ២០១៨។ តាមរបាយការណ៍របស់គណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្ស បានបង្ហាញថា កងប្រដាប់អាវុធបានសម្លាប់បាតុករ ចំនួន៣៥៥នាក់ ២០០នាក់រងរបួស និង១៦០០នាក់ ត្រូវជាប់ឃុំ។ សារពត៌មានជាច្រើនបានរាយការណ៍ថា កត្តានេះបង្កឲ្យមានជនភៀសខ្លួនប្រមាណរាប់ម៉ឺននាក់ទៅកាន់ប្រទេសកូស្តារីកាដែលជាប្រទេសជាប់ព្រំប្រទល់ភាគខាងត្បូង។ 

ស្របនឹងសកម្មភាពបាតុកម្មនេះ របបរបស់លោក Ortega បានស្នើសុំឲ្យព្រះសហគមន៍កាតូលិក សម្របសម្រួលចលនាបាតុកម្មដែលទាមទារទម្លាក់រដ្ឋាភិបាលរបស់ខ្លួនចេញពីតំណែងប៉ុន្តែព្រះសហគមន៍បដិសេធមិនលូកដៃក្នុងរឿងនេះ តែបែរជារិះគន់ការបង្ក្រាបរបស់រដ្ឋាភិបាលចំពោះជនស៊ីវិលថែមទៀតផង។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលនេះ បានចាត់ទុកព្រះសហគមន៍កាតូលិក ជាសត្រូវ ហើយបានធ្វើទុក្ខបុកម្នេញ ដោយបិទស្ថានីយ៍វិទ្យុ បណ្ដេញអគ្គរាជទូតតំណាងសន្តអាសនៈចេញពីប្រទេស បិទអង្គការក្រៅរដ្ឋាភិបាល និងចាប់អ្នកដឹកនាំព្រះសហគមន៍កាតូលិកជាច្រើន៕

 

Daily Program

Livesteam thumbnail