សម្តេចប៉ាបអាចនឹងបំពេញទស្សនៈកិច្ចនៅវៀតណាម
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានទទួលជួបពិភាក្សាការងារជាមួយនឹងគណប្រតិភូជាន់ខ្ពស់មួយក្រុមរបស់វៀតណាម ដោយនៅក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពស់វ៉ាទីកង់បានលើកឡើងថា សម្តេចប៉ាបទ្រង់បង្ហាញនូវចំណាប់អារម្មណ៍ចង់មកបំពេញទស្សនៈកិច្ចនៅអាស៊ីជាថ្មី ។
វ៉ាទីកង់ញូវមិនបានបញ្ជាក់អត្តសញ្ញាណមន្រ្តីជាន់ខ្ពស់វៀតណាមដែលបានចូលរួមកិច្ចពិភាក្សានៅវ៉ាទីកង់នេះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រភពដដែលបានរាយការណ៍ថា លោកអគ្គអភិបាលប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋរបស់សន្តអសនៈបានបញ្ជាក់ថា ជំនួបនេះ គឺជាជំនួបដ៏វិជ្ជមាន ។
លោកអគ្គអភិបាលបានបញ្ជាក់ថា នៅក្នុងជំនួបរវាងសម្តេចប៉ាប ជាមួយនឹងគណប្រត្តិភូនៃបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៤ គឺវិជ្ជមាន ដែលជាសញ្ញានៃការ ពង្រឹងទំនាក់ទំនងរវាងសន្តអសនៈនិងវៀតណាម ។
លោកបានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាក៏មានទាំងចំណុចដែលនឹងអាចកើតមាននូវលទ្ធភាពនៃដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាបមកកាន់វៀតណាមនៅពេលអនាគតផងដែរ ។
នៅពេលនេះទំនាក់ទំនងរវាងវៀតណាមនិងសន្តអសនៈបានកំពុងតែរីកចម្រើនដោយកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចប៉ាបនិងវៀតណាមបានព្រមព្រៀងរហូតដល់សម្តេចប៉ាបបានតែងតាំងអ្នកតំណាងសម្តេចប៉ាបដែលមានការិយាល័យនៅវៀតណាមផងដែរ ។