សម្តេចប៉ាបអធិដ្ឋានសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅប្រទេសកេនយ៉ា
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្តែងភាពស្និទ្ធស្នាលចំពោះអស់អ្នក ដែលបាននិងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលបានបំផ្លិចបំផ្លាញប្រទេសកេនយ៉ាងដែលជាប្រទេសមួយស្ថិតនៅអាហ្វ្រិកខាងកើត បណ្តាលឲ្យស្លាប់ពលរដ្ឋ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ អស់ជាច្រើន។
កាលពីថ្ងៃពុធ សម្តេចប៉ាបបានអំពាវនាវឲ្យគ្រីស្តបរិស័ទទាំងអស់ដែលចូលរួមនៅក្នុងពិធីអប់រំ ជំនឿប្រចាំថ្ងៃសុក្រឲ្យរួមគ្នាអធិស្ឋានជូនជនរងគ្រោះ ដែលកំពុងទទួលរងឥទ្ធិពលនៃទឹកជំនន់នៅអាហ្វ្រិកខាងកើត។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ខ្ញុំចង់ជម្រាបជូនប្រជាជនកេនយ៉ានូវភាពស្និទ្ធស្នាលខាងវិញ្ញាណរបស់ខ្ញុំនៅពេលនេះ នៅពេលដែលទឹកជំនន់ដ៏ធ្ងន់ធ្ងរបានឆក់យកជីវិតបងប្អូនប្រុសស្រីរបស់យើងជាច្រើននាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ»។
គ្រោះទឹកជំនន់ដែលកើតនៅអាហ្រ្វិកខាងកើត បានសម្លាប់ជីវិតមនុស្សពិសេសគឺពលរដ្ឋកេនយ៉ាង ប្រហែល ១៧០ នាក់ និង១៨៥ ០០០ នាក់ត្រូវបាត់បង់ ទីលំនៅចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងបានវាយលុកប្រទេសចាប់តាំងពីខែមីនា។
អាជ្ញាធរកេនយ៉ាកំពុងពិភាក្សាអំពីវិធានការដើម្បីដោះស្រាយគ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំងមិនធម្មតា ដែលផ្សំឡើងដោយអាកាសធាតុ El Nino។
ទឹកជំនន់ បានលេបត្របាក់ទីក្រុង និងតំបន់ជនបទក្នុងប្រទេសកេនយ៉ា និងនៅប្រទេសតង់ហ្សានីដែលនៅជិតខាង៕