សម្តេចប៉ាបសូម ឲ្យ គ្រីស្តបរិស័ទកាតូលិក ឈ្វេងយល់ជំនឿឲ្យស៊ីជម្រៅ និងរួមសាមគ្គីភាពនឹងនិកាយ ផ្សេងៗ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូល​លើក​ទឹក​ចិត្ត​ឲ្យគ្រីស្តបរិស័ទកសាង​ជំនឿ​ឲ្យកាន់​តែ​ស៊ី​ជម្រៅ ​និងពង្រឹង​ការ​រួបរួម​គ្នាដើម្បីការ​កសាង​នូវចំណងសាមគ្គីភាពនៅក្នុងចំណោម​គ្រីស្ត​សាសនិកឲ្យកាន់តែស៊ីជម្រៅ។

វ៉ាទីកង់ញូវបានរាយការណ៍បែបនេះនៅក្រោយពេលដែលសម្តេចប៉ាបបានផ្ញើសារចូលរួម កិច្ចប្រជុំពិភពលោកលើកទី៤នៃវេទិកាគ្រីស្តបរិស័ទសកលរយៈពេល៥ថ្ងៃដោយចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២០ ខែមេសានៅទីក្រុង អាក្រា (Accra) ប្រទេសហ្គាណា។

ទ្រង់បានមានបន្ទូល លើកទឹកចិត្តមនុស្សគ្រប់គ្នាឱ្យពង្រឹងជំនឿរបស់ពួកគេ និងបានដាស់ទស្សនៈឲ្យមនុស្សជាតិលើកកំពស់នូវការកសាងសេចក្តីស្រឡាញ់ដើម្បី ឆ្លុះបញ្ចាំងពីការរួបរួមដែលគ្រីស្តបរិស័ទត្រូវបានព្រះជាម្ចាស់ត្រាស់ហៅ។

សម្តេចប៉ាបបានមានបន្ទូលថា កម្មវិធីនៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងយល់ពីរបៀបធ្វើជាសក្ខីកម្ម ចំពោះព្រះគ្រីស្ទនៅក្នុងពិភពលោកសព្វថ្ងៃនេះ ដើម្បីប្រកាសកាន់តែច្បាស់អំពីសេចក្ដីស្រឡា​ញ់ និងសេចក្ដីពិតរបស់ព្រះយេស៊ូគ្រីស្តដល់ប្រជាជាតិនានា ដោយមានគោលបំណង «រួមគ្នា ស្វែងយល់ពីដំណឹងល្អ»។

សម្តេចប៉ាបបានបង្ហាញនូវការកោតសរសើរពីភាពចម្រុះនៃសកលលោកនិងបានចូលរួមចែករំលែកអំពីសេចក្តីពិតនៃអត្តសញ្ញាណរបស់ព្រះគ្រីស្ត។

សម្តេចប៉ាបក៏បានលើកទឹកចិត្តឲ្យ មនុស្សគ្រប់រូបពង្រឹងជំនឿ ឱ្យកាន់តែស៊ីជម្រៅ ធ្វើឱ្យសេចក្តីស្រឡាញ់របស់មនុស្សជាតិក្លាយជាចំណងជាបងជាប្អូន ហើយពិសេសគឺយកចិត្តទុកដាក់នឹងកម្មវិធី អធិសដ្ឋានរួមគ្នា ពិភាក្សា និងផ្លាស់ប្តូរបទពិសោធលើបញ្ហាប្រឈមដែលកំពុងប្រឈមមុខក្នុងព្រះសហគមន៍កាតូលិកសាកល៕

Daily Program

Livesteam thumbnail