សម្តេចប៉ាបយាងជួបក្រុមស្រ្តីអ្នកទោសនៅទីក្រុងវឺនីស ប្រទេសអ៊ីតាលី
នៅថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទៅទស្សនកិច្ច និងបានជួបក្រុមស្រ្តីអ្នកទោសនៅពន្ធនាគារមួយនៅក្នុងទីក្រុង វឺនីស (Venice)ជាទីក្រុងដែលទ្រង់បានបំពេញទស្សនកិច្ចដើម្បីលើកទឹកចិត្តពួកគេ។
សម្តេចប៉ាប បានមានបន្ទូលថា ទ្រង់ពិតជាចង់ជួបក្រុមស្រ្តីអ្នកទោសទាំងអស់ ហើយមានបន្ទូលថា ព្រះជាម្ចាស់នៅតែរក្សាក្តីស្រលាញ់និងចង់ឃើញពួកគេអាចនឹងបើកចិត្តគំនិតនិងបេះដូងទទួលស្គាល់ក្តីស្រលាញ់និងយកចិត្តទុកដាក់ពីព្រះជាម្ចាស់។
សម្តេចប៉ាបបានស្វាគមន៍អ្នកទោសជាង ៨០ នាក់ ក៏ដូចជាបុគ្គលិកពន្ធនាគារ សន្តិសុខ និងអ្នកស្ម័គ្រចិត្ត។
ទ្រង់បានសួរសុខទុក្ខពួកគេម្នាក់ម្តងៗ ដោយថ្លែងសុន្ទរកខ្លីៗថា ពួកគេ នៅតែមានឱកាសទទួលការការអាណិតអាសូរពីព្រះជាម្ចាស់។
សម្តេចប៉ាបបានពន្យល់ពួកគេពីរបៀបដែលព្រះជាម្ចាស់ចង់ជួបនិងចង់នៅជាមួយនឹងពួកគេ ហើយទ្រង់បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ ដែលអាចឲ្យទ្រង់និងក្រុមស្រ្តីទាំងអស់អាចជួបគ្នាផ្តល់ឱ្យគ្នាទៅវិញទៅមក ហើយបានអធិស្ឋានរួមគ្នាដោយ ភាពស្និទ្ធស្នាល។
ទន្ទឹមនឹងនោះ សម្តេចប៉ាបក៏បានកត់សម្គាល់ថា ពន្ធនាគារអាចជាកន្លែងដែលពួកគេអាចមានពេលវេលាសម្រាប់ការចាប់កំណើតឡើងវិញខាងសីលធម៌ និងផ្លូវកាយ និងអាចរិះគិតពីសេចក្តីថ្លៃថ្នូរឡើងវិញ ហើយទ្រង់បានលើកទឹកចិត្តពួកគេឲ្យលើកកម្ពស់ការគោរពនិងអោយតម្លៃគ្នាទៅវិញទៅមក ហើយ បានបន្ថែមថា គ្មានអ្នកណាអាចដកហូតភាពថ្លៃថ្នូររបស់មនុស្សម្នាក់ៗបានទេ៕