សម្តេចប៉ាបមានបន្ទូលថា ឥទ្ធិពលរបស់ព្រះជាម្ចាស់ គឺធ្វើឲ្យភាពខ្សោយក្លាយជាភាពល្អឥតខ្ចោះ
ក្រោយពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូជាពីជំងឺផ្តាសាយ ទ្រង់បានយាងជួបគ្រីស្តបរិស័ទដែលជាអ្នកស្ដាប់ការទូន្មានរបស់ទ្រង់រៀងរាល់ថ្ងៃពុធ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលនោះសម្ដេចបានបន្តមានបន្ទូលអប់រំជំនឿ សម្តេចប៉ាបបានមានបន្ទូលថា អំពើបាបគឺជាអ្វីដែលមនុស្សជាតិចាប់អារម្មណ៍ណាស់ ដូច្នេះ គឺត្រូវតែ ជម្រះវា ហើយព្រះជាម្ចាស់ព្រះអង្គអាចជួយយើងបាន នៅក្នុងការជម្រះអំពើបាប ។
សម្តេចប៉ាបបានមានបន្ទូលថា មកដល់ពេលនេះអំពើបាបដែលមនុស្សជាតិត្រូវតែជម្រះមុនគេនោះគឺការច្រណែន។
ទ្រង់បានមានបន្ទូលថា ការច្រណែន គឺជាអំពើអាក្រក់ដ៏គ្រោះថ្នាក់ ប៉ុន្តែយើងមានមធ្យោបាយនៅក្នុងការដោះស្រាយ ហើយព្រះជាម្ចាស់គឺជាអ្នកដែលអាចជួយយើងនៅក្នុងកិច្ចការរំដោះខ្លួនចេញពីការច្រណែននេះ។
សម្តេចប៉ាបបានមានបន្ទូលថា មធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីព្យាបាលបញ្ហាបញ្ហាច្រណែន និងការអួតអាងនេះ គឺមានតែសេចក្តីស្រលាញ់ និងព្យាយាមអប់រំចិត្តគំនិតប្រកបដោយគុណធម៌និងសេចក្តីប្រោសប្រណី។
សម្តេចប៉ាបបានមានបន្ទូលថា ការច្រណែននេះគឺគ្រោះថ្នាក់សម្បើមណាស់ ហើយអ្នកដែលច្រណែនគឺហ៊ានធ្វើអ្វីគ្រប់យ៉ាងបាន ហើយពួកគេច្រើនតែមើលមកសង្គមដោយការស្អប់ខ្ពើម។
សម្តេចប៉ាបបានបន្តថា សេចក្តីច្រណែនមិនគួរមាននៅក្នុងចិត្តគំនិតរបស់គ្រីស្តបរិស័ទឡើយ៕