សម្តេចប៉ាបនឹងចូលរួមក្នុងសម័យប្រជុំក្រុមប្រទេស G7
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូនឹងយាងចូលរួមក្នុងសម័យប្រជុំក្រុមប្រទេស G7 នាពេលខាងមុខដោយទ្រង់គ្រោងនឹងចូលរួមកម្មវិធីមួយដែលនឹងមានបន្ទូលស្តីពីបញ្ញាសិប្បនិមិត្ត ឬហៅថា AI។
ការិយាល័យព័ត៌មានសន្តអាសនៈ បានបញ្ជាក់ថា សម្តេចប៉ាបនឹងមានបន្ទូលនៅក្នុងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដែលនឹងរៀបចំនៅ Puglia ភាគខាងត្បូងនៃប្រទេសអ៊ីតាលី។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបនឹងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា បន្ទាប់ពីទទួលការប្រកាសដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ចចចៀ មេឡូនី ( Giorgia Meloni )។
ប្រភពដដែលបានអះអាងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសម្តេចប៉ាប នឹងចូលរួមក្នុងការងាររបស់ក្រុមប្រទេស G7 ដោយបន្ថែមថាសម្តេចប៉ាបនឹងចូលរួម «វគ្គផ្សព្វផ្សាយ»សម្រាប់អ្នកចូលរួមជាភ្ញៀវនៅឯកិច្ចប្រជុំនៃក្រុមប្រទេសឧស្សាហកម្មប្រាំពីរនាពេលខាងមុខ។
កិច្ចប្រជុំកំពូលនេះត្រូវបានគេដឹងថា នឹងមានការចូលរួមពីមេដឹកនាំ សហរដ្ឋអាមេរិក កាណាដា បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន៕