សម្តេចប៉ាបថ្កោលទោសឧស្សាហកម្មអាវុធ និងសេវាកម្មរកប្រាក់ចំណេញ កើតចេញពីការស្លាប់របស់មនុស្សជាតិ
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ អធិដ្ឋានសម្រាប់ជនរងគ្រោះនៃសង្រ្គាមនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និងមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការមិនគាំទ្រ ពាក់ព័ន្ធនឹងការវិនិយោគដែលរកបានផលចំណេញច្រើនបំផុតជាពិសេសពីការវិនិយោគទាក់ទងនឹងឧស្សាហកម្មអាវុធ។
មានបន្ទូលនៅថ្ងៃដែលព្រះសហគមន៍រៀបចំពិធីពិសិដ្ឋរំលឹកដល់ព្រះនាងព្រហ្មចារិនី ម៉ារី នាខែឧសភា នេះ សម្តេចប៉ាបបានដាស់តឿនគ្រិស្តបរិស័ទកុំឱ្យភ្លេច ការអធិដ្ឋានសុំសន្តិភាព និងសម្រាប់ប្រជាជនដែលរងគ្រោះដោយសង្រ្គាម។
នាឱកាសនោះសម្តេចប៉ាបបានសុំឱ្យគ្រិស្តបរិស័ទអធិស្ឋានសម្រាប់ពលរដ្ឋអ៊ុយក្រែន ដែលកំពុងតែ"រងទុក្ខវេទនា" ហើយទ្រង់ក៏បានសុំឱ្យយើងអធិដ្ឋានសម្រាប់អស់អ្នកទាំងអស់ដែលកំពុងតែរស់នៅក្នុងក្នុងតំបន់ប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។
សម្តេចប៉ាបក៏បានបង្វែរគំនិតរបស់ទ្រង់ឲ្យស្នើឲ្យគ្រប់គ្នារិះគិតនិងបញ្ចេញសកម្មផាព ទៅកាន់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និង អស់ទីកន្លែងដែលកំពុងតែមានសង្រ្គាម ឫអំពើហិង្សាប្រដាប់អាវុធ។
ចុងក្រោយ សម្តេចប៉ាប បានរំលឹកដល់អ្នកដែលមានវត្តមានទាំងអស់ថា ៖ «ជាអកុសល ថ្ងៃនេះ ការវិនិយោគដែលផ្តល់ប្រាក់ចំណូលច្រើនបំផុត គឺជារោងចក្រផលិតអាវុធ»។ សម្តេចប៉ាបបានមានបន្ទូល ម្ដងទៀតថាការទទួលបានផលចំណេញពីសេចក្ដីស្លាប់គឺ«គួរឲ្យខ្លាច»៕