សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វែងរកការដាក់ទីតាំងកម្ពុជាជាច្រកទ្វារបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សម្រាប់អង្គការ OIF និងតំបន់អាស៊ាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីមហិច្ឆតារបស់កម្ពុជាក្នុងការក្លាយជាច្រកទ្វារតំបន់សម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដើម្បីតភ្ជាប់បណ្តាប្រទេសនៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងតំបន់អាស៊ាន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍រវាងតំបន់ទាំងពីរ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ FrancoTech 2026 ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសមិទ្ធផលនៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង (Bakong) និងថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការ – verify.gov.kh – ដែលជាឧទាហរណ៍ដ៏ជោគជ័យនៃនវានុវត្តន៍ដែលអាចចែករំលែកទៅកាន់បណ្តាប្រទេសផ្សេងទៀតបាន។

សម្តេចធិបតីបានថ្លែងសុន្ទរកថានេះនៅចំពោះមុខ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីកាណាដា ព្រមទាំងថ្នាក់ដឹកនាំពិភពលោកមួយចំនួនទៀត ដោយលើកឡើងថា បទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថល អាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែងហួសពីព្រំដែនរបស់ខ្លួន ដែលបង្កើតជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការតំបន់កាន់តែទូលំទូលាយ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

សម្តេចបានមានប្រសាសន៍ថា៖ «ក៏ដូចជាសមិទ្ធផលរបស់កម្ពុជាអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដទៃទៀតដែរ ព្រះរាជាណាចក្រកម្ពុជាមានបំណងប្រាថ្នាចង់ក្លាយជាច្រកទ្វារសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងតំបន់ OIF និងអាស៊ាន»។

តាមរយៈគំនិតផ្តួចផ្តើមនេះ កម្ពុជាមានបំណងកំណត់ទីតាំងខ្លួនជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍ ដោយប្រមូលផ្តុំបណ្តាប្រទេសនិយាយភាសាបារាំង និងអាស៊ាន ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ ផ្លាស់ប្តូរជំនាញ និងអភិវឌ្ឍភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។

ដោយលើកឡើងពីប្រព័ន្ធបាគង សម្តេចធិបតីបានកត់សម្គាល់ថា ប្រព័ន្ធនេះបានជួយសម្រួលដល់ការទូទាត់ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលនៅទូទាំងប្រទេសកម្ពុជា និងឆ្លងដែន ដោយបច្ចេកវិទ្យា QR-code បានជួយឱ្យភ្ញៀវទេសចរអន្តរជាតិអាចធ្វើការទូទាត់បានកាន់តែងាយស្រួល។

សម្តេចធិបតីក៏បានលើកឡើងផងដែរអំពីថ្នាល verify.gov.kh ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្លូវការ។ ថ្នាលនេះទទួលបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនៅឆ្នាំនេះ ហើយកម្ពុជាបានចែករំលែកបទពិសោធន៍នេះជាមួយប្រទេសដៃគូមួយចំនួន រួមមាន ទីម័រឡេស្តេ ហ្វីលីពីន និងឡាវ។

ដោយភ្ជាប់ទំនាក់ទំនងរវាងមរតកប្រវត្តិសាស្ត្ររបស់កម្ពុជា និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដូចដែលបុព្វបុរសរបស់យើងបានកសាងប្រាសាទដ៏រឹងមាំគង់វង្ស ដូចជាប្រាសាទបាគងជាដើម កម្ពុជាក៏ត្រូវតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ បើកចំហ និងប្រកបដោយបរិយាបន្ន ដែលបម្រើដល់មនុស្សគ្រប់រូបផងដែរ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាឌីជីថលមិនត្រឹមតែត្រូវពង្រឹងការអភិវឌ្ឍក្នុងស្រុករបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើតកាលានុវត្តភាពរួមគ្នាសម្រាប់បណ្តាប្រទេសនៅទូទាំងសហគមន៍ហ្វ្រង់កូហ្វូនី និងអាស៊ានផងដែរ។

 

Daily Program

Livesteam thumbnail
khmer popup image