សម្តេចធិបតី៖ តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ !
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញតេឡេក្រាមរបស់សម្តេចនាព្រឹកថ្ងៃទី២៦ ខែមេសានេះថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។
សម្តេចបញ្ជាក់ថា ៖ «ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ»។
សម្តេចធិបតីបានបន្តថា ៖ «តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ»។
សម្តេចបន្ថែមថា សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង...លោកម្ចាស់អើយ។
សូមរម្លឹកថា លោក សម រង្សី បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៤ ខែមេសា ថា គម្រោងជីកព្រែក ភ្ជាប់ទីក្រុងភ្នំពេញ ទៅដល់សមុទ្រ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវភាពរស់នៅ ប្រជាពលរដ្ឋខ្មែរ។
លោកបានបន្តថា បំណងធំ នៃព្រែកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ៕