សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក មុំ អស្សនី ចូលរួមគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ និងមិនប្រកាន់ទោសភ័យដល់លោក មុំ អស្សនី ដែលជាអាណិកជនខ្មែររស់នៅប្រទេសញូវហ្សេឡេន ដែលធ្លាប់វាយប្រហារ និងរិះគន់ដល់រូបលោក និងសម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀតនោះឡើយ បន្ទាប់ពីបានចេញវិដេអូឃ្លីប សូមអភ័យទោស និងសុំសម្តេចចូលមកស្រុកខ្មែរវិញ។
យោងតាមវីដេអូឃ្លីប អតីតនាយទាហាននៃគណៈកម្មការលំហសមុទ្រ លោក មុំ អស្សនី បានលើកឡើងថា៖ «ថ្ងៃនេះ ខ្ញុំសូមសម្តេចអធ្យាស្រ័យ និងលើកលែងទោសដល់រូបខ្ញុំបាទ និងផ្តល់ឱកាសឱ្យខ្ញុំបានចូលបម្រើក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរក្សាសន្តិភាព និងអភិវឌ្ឍន៍ជូនគណបក្សប្រជាជន»។
លោកបានបន្តថា មួយរយៈពេលកន្លងមក នៅពេលលោកបានចូលមកដល់ប្រទេញូវហ្សេឡេន លោកបានជឿតាមការញុះញង់របស់ទណ្ឌិត៣ជំនាន់ សម រង្ស៊ី បានឱ្យលោកធ្វើការជាវាឃ្មិនម្នាក់នៅវិទ្យុCambodia Daily ដើម្បីវាយប្រហារសម្តេចតេជោ ហ៊ុន សែន បណ្តុះបង្អាប់ជាតិឯង និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក មុំ អស្សនី បានបញ្ជាក់ថា ៖ «ដោយសារតែមានការសំណូមពរពីគ្រួសារ ជាពិសេសភរិយា និងកូនស្រីដែលចង់ត្រលប់ទៅលេងស្រុកកំណើតវិញ បានសុំឱ្យខ្ញុំឈប់ប្រឆាំង ឈប់រិះគន់ទៅរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែតបន្តទៀត ហើយខ្ញុំគាំទ្រ ដោយខ្ញុំមើលឃើញពីគោលនយោបាយអភិវឌ្ឍន៍គ្រប់វិស័យរបស់សម្តេចធិបតី»។
លោកបានបន្តថា ៖ «ខ្ញុំសូមសម្តេចអធ្យាស្រ័យ និងគោរពសុំឱ្យសម្តេចលើកលែងដល់រូបខ្ញុំដែលបានឆ្គាំឆ្គងនិយាយលើសពីការពិតចំពោះក្រុមគ្រួសារសម្តេច និងប្រទេសជាតិ»។
ក្រោយពីទទួលបាននូវវីដេអូសុំការអធ្យាស្រ័យរបស់លោក មុំ អស្សនីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារឆ្លើយតបទៅវិញថាសម្តេចបានយល់ពីអ្វីដែលនៅពីក្រោយដែលនាំឱ្យលោក មុំ អស្សនី វាយប្រហារមកលើសម្តេច។
សម្តេចបានបញ្ជាក់ថា ៖ «ខ្ញុំចាប់យល់ថា អ្វីដែលនៅពីក្រោយនៃការវាយប្រហារខ្ញុំ គឺគ្មានអ្វីក្រៅពីការបំពុលដោយក្រុមរត់ចោលរត់ ក្រុមរត់ចោលគុក។ ចំណុចនេះ ខ្ញុំយល់ ហើយខ្ញុំក៏មិនប្រកាន់ខឹងជាមួយនឹងអស្សនីឯងដែរ។ ចឹងប្រទេសនេះជាប្រទេសរបស់ខ្លួន ហើយអស្សនីឯងក៏គ្មានសាលដីកា គ្មានរឿងក្តីក្តាំងអីនៅតុលាការទេ ចឹងបើចង់ត្រលប់មកវិញក៏ត្រលប់មក ហើយបើចង់គាំទ្រនៅខាងក្រៅក៏បាន»។
សម្តេចតេជោ បានបន្តថា សម្តេចស្វាគមន៍ជានិច្ចចំពោះអ្នកទាំងឡាយណាដែលធ្លាប់ប្រឆាំងជាមួយនឹងសម្តេច ហើយបោះបង់ចោលការប្រឆាំងសម្តេច លើកលែងតែមនុស្សម្នាក់គត់ (លោក សម រង្ស៊ី)៕