សម្តេចតេជោ ហ៊ុន សែន នៅតែ​បន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ពេលសម្តេចឡើងជាប្រធានព្រឹទ្ធសភា

សម្តេចតេជោ បាន​ថ្លែង​បញ្ជាក់ថា នៅពេល​សម្តេច ឡើង​ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចនឹងនៅតែ​បន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋស​ភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

អតីតនាយករដ្ឋមន្ត្រី និងជា​ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងដូចនេះ​ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៤នេះ​ ក្នុង​ឱកាស​សម្ដេចបាន​អនុញ្ញាតឱ្យលោក អឺអិណុ អាហ្សឺហ្ស៉ី ( UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ​នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងរីករាយយ៉ាងខ្លាំង ដែ​លសម្តេចតេ​ជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតអោយលោក បានជួបសម្ដែងការគួរសមនៅពេលនេះ ហើយសង្ឃឹមថានឹងបានជួបជាមួយ សម្តេចតេជោ ជាបន្តបន្ទាប់ទៀតនៅពេល សម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។

ជាមួយគ្នានោះដែរ ​ឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លា​យជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរ​វាងជប៉ុន និងកម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រ​ជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកឯកអគ្គរាជទូត ដែលបា​នឆ្លៀតពេលជួបសម្ដែងការគួរសម សម្តេច និងបានអបអរ សម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។

ឆ្លៀតក្នុងឱកាសនេះ សម្ដេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អ ជូនចំពោះ សម្តេច នៅពេលដែល សម្តេច បានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។

សម្ដេចតេជោ ក៏បាន ថ្លែងអំណរគុណ ជប៉ុន ដែលបានរៀបចំអោយ សម្តេច ជួបមិត្តភក្តិទាំង​ឡាយ ជាពិសេសអរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួប សម្តេច ទោះបីជា សម្តេច មិនមានតួនាទីជា នាយករដ្ឋមន្ត្រីក៏ដោយ។

សម្តេចតេជោ បាន​បញ្ជាក់ថា ៖ «នៅពេលដែលខ្ញុំ​ធ្វើជាប្រធានព្រឹទ្ធសភា ខ្ញុំនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោ​ជន៍ ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ»៕

Daily Program

Livesteam thumbnail