សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់តារាកម្ពុជាដើម្បីមនុស្សធម៌
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឱ្យដឹងថា សម្តេចត្រូវបានអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។
សម្តេចបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា ៖ «ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ»។
សម្តេចតេជោ បានបន្ថែមថា អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
សម្តេចថា ៖ «ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ៣.៤.៣»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យមានការចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេចក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជាផងដែរ។
សម្តេចបញ្ជាក់ថា ៖ «សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន២០០លានរៀល។ ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំ សូមទាក់ទងទៅលោកសេង ទៀង ដែលមានលេខទូរសព្ទ ០១២ ៩៦១៩៧១»៕