សម្តេចតេជោ ហ៊ុន សែន៖ យើងសូមអំពាវនាវសូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិនតាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ​អី

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់ពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេ (ក្រុមប្រឆាំង) ​មកប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលបាន​លើកឡើងទាំងល្ងិតល្ង​ង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមប​ន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។

នេះជាការ​លើកឡើង​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈប្រព័ន្ធតេឡេក្រាម នាថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៤នេះ។

សម្តេចបាន​សរសេរថា ៖ «ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួ​យចំនួន តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? កម្ពុជា និ​ងវៀតណាម ជាប្រ​ទេ​សជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ»។

សម្តេចបានបន្តថា ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជា​មួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុ​យជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។

ប្រធានព្រឹទ្ធសភាដដែល​បានបន្តថា ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បា​​ស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូ​រណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។

សម្តេចបានបញ្ជាក់ថា ៖ «ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោ​លរួចទៅហើយ»​។​

សម្តេចបន្ថែមទៀតថា ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។​

ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជា​ប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតមានទ្វារទឹកមិនឲ្យទឹកសាបធ្លា​ក់ចូ​លទៅក្នុងសមុទ្រនោះឡើយ។

សម្តេចបានលើកឡើងថា ៖ «យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្ម​ការទន្លេមេគង្គរួចហើយ»។​

សម្តេចក៏បានអំពាវនាវ សូមកុំមួលបង្កាច់មកលើកម្ពុជា​ ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។

សម្តេចថ្លែងទៀតថា ៖ «យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ»​៕

Daily Program

Livesteam thumbnail