សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស
ថ្ងៃទី២០ ខែឧសភានេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុលពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
នៅព្រឹកនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។
ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចតេជោ បានសរសេរលើហ្វេសប៊ុករបស់លោកថា ៖ «ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម»។
សម្តេចបន្តថា មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ «ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។
ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានថ្លែងក្នុងពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ថា ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។
ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺ ការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១។ សម្តេចធិបតី បានថ្លែងបញ្ជាក់បន្ថែម។
ចំណែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យសម្តេចហ្លួងម៉ែ ថា សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។
លោកបានបន្តថា សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា។
លោក ឆំាង យុ បានថ្លែងថា ៖ «ក្រុមការងាររៀបចំសន្និសីទមានគោលបំណងបង្កើតសហគមន៍អន្តរកាលមួយដោយប្រមូលផ្តុំនូវអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងសង្គមក្រោយជម្លោះដែលអាចចែករំលែកនូវការយល់ឃើញប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តប្រសើរបំផុតដោយរួមគ្នាកសាងសន្តិភាព ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា និងសង្គមដទៃផ្សេងទៀត»។
សូមបញ្ជាក់ដែរថា សន្និសីទនាពេលនេះ គឺជាសន្និសីទដំបូងបង្អស់ ដែលនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់បណ្តាញទាក់ទងទាំងនេះ ដែលត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីតនេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤៕