សម្ដេចធិបតី ហ៊ុន ម៉ាណែត បដិសេធព័ត៌មានតាមបណ្ដាញសង្គមដែលថាមានផែនការបញ្ចូលក្រសួង-ស្ថាប័នរដ្ឋចូលគ្នា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធព័ត៌មានដែលរៀបចំផ្សព្វផ្សាយតាមបណ្ដាញសង្គមដោយអះអាងថា រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយ ឬបញ្ចូលក្រសួង និងស្ថាប័នរដ្ឋចូលគ្នា។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋមកពី ១៧ ភូមិ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃពុធ សម្ដេចធិបតីបានបញ្ជាក់ឡើងវិញថា នយោបាយដែលមានស្រាប់របស់រាជរដ្ឋាភិបាលនៅតែមិនផ្លាស់ប្តូរ ហើយគ្មានផែនការបញ្ចូលក្រសួង ឬស្ថាប័នរដ្ឋចូលគ្នានោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំនួនក្រសួង និងស្ថាប័នរដ្ឋនឹងមិនត្រូវកាត់បន្ថយឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលនឹងពង្រឹងស្ថាប័ននីមួយៗ កំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ននានា ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សម្ដេចបានពន្យល់ថា ក្រសួង និងស្ថាប័នមួយចំនួនអាចកាត់បន្ថយចំនួននាយកដ្ឋាន ដែលអង្គភាពខ្លះមិនចាំបាច់ ឬមានភារកិច្ចជាន់គ្នា ដោយមានគោលបំណងសម្រួលរចនាសម្ព័ន្ធ និងកែលម្អប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។

នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ឱ្យមានទំនុកចិត្ត និងកុំមានការព្រួយបារម្ភចំពោះរឿងនេះ ដោយគូសបញ្ជាក់ថា នយោបាយរបស់រាជរដ្ឋាភិបាលត្រូវបានកំណត់យ៉ាងច្បាស់លាស់រួចហើយ។

 

Daily Program

Livesteam thumbnail
khmer popup image