សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី ចូលរួមអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន។
កូនប្រុសទាំង៣របស់សម្តេចតេជោ រួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកររដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។
ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ។
សូមរម្លឹកដែរថា នាយប់ថ្ងៃទី២៩ ខែមេសា សម្ដេចតេជោ ហ៊ុន សែន រួមដំណើរដោយលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី៣០ ខែមេសា ស្អែកនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ នឹងចូលរួមផងដែរ៕