សភាប្រើភាសាបារាំង អំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពកម្ពុជា និងដកទ័ពចេញពីតំបន់ជម្លោះ
ស្មារតីនៃការប្រកាន់យកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិចំពោះមុខភាពតានតឹងតាមព្រំដែន បានធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រ និងយុត្តិធម៌ពីលើឆាកអន្តរជាតិ។ ថ្មីៗនេះ សភាប្រើភាសាបារាំងបានចេញសេចក្តីអំពាវនាវឱ្យប្រទេសថៃ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងជៀសវាងរាល់សកម្មភាពឯកតោភាគី ដែលបង្កឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
ការអំពាវនាវនេះ ធ្វើឡើងតាមសំណើរបស់គណៈកម្មការនយោបាយ ក្នុងសម័យប្រជុំពេញអង្គនៅរដ្ឋធានីយ៉ាអ៊ុនដេ ប្រទេសកាមេរូន កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនោះ សភាប្រើភាសាបារាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពមួយចំនួនរបស់ភាគីថៃនៅតំបន់ព្រំដែន រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅទីតាំងវប្បធម៌ និងសាសនានៅតំបន់ជម្លោះ ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ។ ជាមួយគ្នានេះ ស្ថាប័នអន្តរជាតិមួយនេះក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះផលប៉ះពាល់ដល់ប្រជាជនស៊ីវិល និងការខូចខាតបេតិកភណ្ឌវប្បធម៌ ដែលជាកេរមរតករួមរបស់មនុស្សជាតិ ដែលទង្វើទាំងនេះអាចប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែង និងការផ្សះផ្សាជាតិ។
ទន្ទឹមនឹងការអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា សភាប្រើភាសាបារាំងដែលមានសមាជិកជាង ៩៩ ស្ថាប័ន រួមទាំងប្រទេស និងអង្គការអន្តរជាតិ ក៏បានដាស់តឿនឱ្យភាគីថៃគោរពបទឈប់បាញ់ និងអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ស្ថាប័ននេះក៏បានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹង ការបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះជាបន្ទាន់។
សភានិយាយភាសាបារាំង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងស្មារតីគោរពច្បាប់អន្តរជាតិ។ ស្ថាប័ន APF ក៏បានជំរុញឱ្យមានការធ្វើប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ រវាងកម្ពុជា និងថៃ ដោយផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន អនុលោមតាមក្របខណ្ឌគតិយុទ្ធ ដែលបានកំណត់ដោយលិខិតុបករណ៍អន្តរជាតិជាធរមាន។