សន្តអាសនៈវាយតម្លៃខ្ពស់ចំពោះតួនាទីអ្នកសារព័ត៌មាន

សន្តអាសនៈបានបន្តយកចិត្តទុកដាក់និងលើកកំពស់ចំពោះតួនាទីរបស់អ្នកសារព័ត៌មាននានា ហើយដោយឡែកសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ក៏ទទួលស្គាល់តម្លៃរបស់អ្នកសារព័ត៌មានផងដែរ។

ពាក់ព័ន្ធនឹងតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាននេះ​វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ​២០២៤ សម្តេចប៉ាបបានយាងទទួលក្រុមអ្នកសារព័ត៌មានទាំងអស់ប្រមាណជា ១៥០ រូបដែលបានទទួលការទទួលស្គាល់សម្រាប់បំពេញការងារនៅបុរីវ៉ាទីកង់​។

នាឱកាសនោះ សម្តេចប៉ាបបានជំរុញ និងលើកទឹកចិត្តអ្នកសារព័ត៌មានទាំងអស់អោយមានស្មារតី និងទំនួលខុសត្រូវនៅក្នុងការបំពេញការងារដ៏សំខាន់នេះ ។

សម្តេចប៉ាបក៏បានលើកទឹកចិត្តអោយអ្នកសារព័ត៌មានទាំងអស់បណ្តុះស្មារតីនៃសេចក្តីស្រលាញ់ និងមេត្តាករុណចំពោះមនុស្សជាតិ និងរៀនស្វែងយល់អំពីសង្គមមនុស្សគ្រប់សមាសធាតុ​ដោយផ្អែកនៅលើអ្វីដែលជាសក្ខីភាព និង ការពិត កុំមានការបកស្រាយ កុំបញ្ចូលទស្សនៈ។

សម្តេចប៉ាប បានមានបន្ទូលថា ៖ «ខ្ញុំដឹងពីចំណង់ចំណូលចិត្តរបស់អ្នក សេចក្តីស្រឡាញ់របស់អ្នកចំពោះការងារដែលអ្នកបានបំពេញ»។​

នាឱកាសនោះ សម្តេចប៉ាបក៏បានសូមទោស សម្រាប់ក្រុមអ្នកសារព័ត៌មានដែលតាមយកព័ត៌មានពីទ្រង់ដែលពេលខ្លះបាននាំអ្នកសារព័ត៌មានទាំងនោះឆ្ងាយ ពីគ្រួសារ ។

សម្តេចប៉ាប បានកត់សម្គាល់ថា ការធ្វើជាអ្នកសារព័ត៌មាន គឺជាមុខរបរមួយ ដូចជាវេជ្ជបណ្ឌិត ដែលទាមទារសេចក្តីស្រលាញ់និងមេត្តាករុណាផងដែរ៕

Daily Program

Livesteam thumbnail