សន្តអាសនៈរំលឹកស្ថាបនិកវិទ្យុវ៉ាទីកង់ និងការបង្កើតបណ្តាញទំនាក់ទំនង
កាលពីចុងខែមេសាកន្លងទៅនេះ សន្តអាសនៈបានផ្សព្វផ្សាយប្រវត្តិបុគ្គលម្នាក់ដែលគេដឹងថា គឺជាស្ថាបនិកវិទ្យុវ៉ាទីកង់និងជាអ្នកបង្កើតបណ្តាញទំនាក់ទំនងសម្រាប់សន្តអាសនៈ។
វ៉ាទីកង់ញូវបានរាយការណ៍ថា បុរសម្នាក់នេះត្រូវបានគេដឹងថា គឺលោក ហ្គោគ្លិនមូ ម៉ាកូនី (Guglielmo Marconi) ហើយត្រូវបានសន្តអសនៈប្រសិទ្ធនាមលោកថា ជា «បុរសដែលផ្តោតលើការស្តាប់អំពីអនាគត»។
លោក ហ្គោគ្លិនមូ ម៉ាកូនី ជាអ្នកច្នៃប្រឌិត និងជាសហគ្រិនដែលបានបង្កើតវិទ្យុវ៉ាទីកង់ក្នុងឆ្នាំ១៩៣១និងបានតម្លើង 'ទូរស័ព្ទដៃដ៏ធំ' នៅក្នុងរថយន្តរបស់សម្តេចប៉ាបភីយូសទី១១ ( Pope Pius XI ) ដើម្បីងាយស្រួល ភ្ជាប់ទំនាក់ទំនងទៅបុរីវ៉ាទីកង់។
លោក កើតនៅ ក្នុងទីក្រុង បូឡូញ៉ា ( Bologna) នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៨៧៤ ជាត្រកូលសហគ្រិនដែលមានរបរជាច្រើនរួមទាំងកសិដ្ឋាន រោងចក្រ ។ លោកជាអ្នកស្រាវជ្រាវនឹងបាន បង្កើតវិទ្យុដំបូងដែលអាចផ្សាយលើសពីការមើលឃើញនៅឆ្នាំ ១៨៩៥ ហើយបានពង្រីក ការបណ្តាក់ទុនលើឧស្សាហកម្មផ្សព្វផ្សាយនេះនៅអង់គ្លេស សហរដ្ឋអាមេរិក ជាបន្តបន្ទាប់។
លោក ហ្គោគ្លិនមូ ម៉ាកូនី ជាអ្នកដែលធ្លាប់បាន ទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា រួមជាមួយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ ម្នាក់ទៀតដែលបានស្រាវជ្រាវពាក់ព័ន្ធ ដល់ការអភិវឌ្ឍន៍ទូរលេខអ់តខ្សែ។
លោកជាអ្នកតម្លើងការផ្សព្វផ្សាយវិទ្យុ BBC នៅអង់គ្លេសផងដែរកាលពីឆ្នាំ១៩២២ ហើយ នៅថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ១៩៣១ លោកបានជួយសម្តេចប៉ាបភីយូសទី១១ឲ្យ ក្លាយជាសម្តេចប៉ាបទីមួយដែលថ្លែងទៅកាន់ពិភពលោកតាមរយៈវិទ្យុ ដោយនិយាយជាភាសាឡាតាំង។
តាមសំណើរបស់សម្តេចប៉ាប លោក បានបង្កើតវិទ្យុ វ៉ាទីកង់ផ្ទាល់ ដែលរហូតដល់ ឆ្នាំ ២០១៥ត្រូវបានដាក់បញ្ចូលទៅក្នុងការគ្រប់គ្រងដោយក្រសួងដែលទើបបង្កើតថ្មីសម្រាប់ការទំនាក់ទំនង និងផ្សព្វផ្សាយ របស់សន្តអាសនៈ៕