សង់ត្រាល់ ស្រាយបំភ្លឺលើរបាយការណ៍ដែលកំពុងមានភាពចម្រូងចម្រាស់
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ បានចេញរបាយការណ៍ដែលមានចំណងជើងថា «ឧបសគ្គរារាំងក្នុងការទទួល បានភាពជាតំណាង»៖សេរីភាពសហជីពក្នុងប្រទេសកម្ពុជាការវាយតម្លៃពិនិត្យតាមដានអនុលោមភាព ស្ដីពីសេរីភាពសហជីព/សមាគម (FOA) របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម។
ជាការឆ្លើយតបមតិរិះគន់ និងអត្ថបទ ដែលបានចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ និងបណ្តាញសង្គមនានា មកលើរបាយការណ៍នេះ ព្រមទាំងការឆ្លើយតប ដែលមានជាបន្តបន្ទាប់។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) និងសហព័ន្ធសហជីពកម្ពុជា (កាទូ) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៦ ខែមិថុនា ដើម្បីបកស្រាយបញ្ជាក់ទាក់ទងនឹងរបាយការណ៍នេះផងដែរ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា នៅក្នុងរបាយការណ៍នេះ អង្គការសង់ត្រាល់ បានរំលេចឱ្យឃើញថាតើ [យើង] អាចធ្វើបែបណាខ្លះដើម្បីកែលម្អការវាយតម្លៃរបស់គម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា BFC ចំពោះសេរីភាពសហជីពឱ្បបានល្អជាងនេះទៀត ហើយឈានទៅបង្កើតឱ្យមានបរិយាកាសសម្រាប់សហជីពកម្ពុជាទាំងអស់អាចប្រតិបត្តិការកាន់តែមានសុវត្ថិភាព និងប្រកបដោយការគោរព ដែលអាចជួយសម្របសម្រួលដល់ទំនាក់ទំនងវិជ្ជាជីវៈ និងមានផលិតភាពកាន់តែប្រសើរ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ៖ «ចេតនារបស់យើង គឺដើម្បីជំរុញ ឲ្យមានការកែសម្រួលក្នុងការពិនិត្យតាមដានដោយអនុលោមតាមច្បាប់ ដែលអាចនាំឱ្យមានទិន្នន័យកាន់តែសុក្រឹត ពោលគឺអាចប្រើប្រាស់បានសម្រាប់គ្រប់កម្មករនិយោជិត នៅក្នុងការចរចា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ និងអនុវត្តសិទ្ធិរបស់ខ្លួន»។
កម្មករនិយោជិត និងសហជីពជាច្រើន ដែលអង្គការសង់ត្រាល់ បានធ្វើការជាមួយ បានជួបនូវការរឹតបន្ដឹង លើលទ្ធភាពរបស់ពួកគេក្នុងការចងក្រងជាសហជីពដោយសេរី។
របាយការណ៍នេះនឹងផ្តល់ព័ត៌មានលំអិតអំពីបទពិសោធន៍ជាក់ស្តែងរបស់ថ្នាក់ដឹកនាំសហជីព និង កម្មករ ដែលបានចូលរួមផ្តល់ព័ត៌មាននៅក្នុងការសិក្សាស្រាវជ្រាវនេះ និងបង្ហាញអំពីអ្វីដែលកំពុងកើតឡើងនៅតាមរោងចក្រមូលដ្ឋាន ហើយមិនត្រូវបានរាយរាការណ៍ទាំងស្រុងនៅក្នុងទិន្នន័យ ដែលគម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា BFC ដាក់បង្ហាញជាសាធារណៈនោះនៅឡើយ។
ដោយសារមូលហេតុជាច្រើនទាក់ទងនឹង វិធីសាស្ត្រក្នុងការប្រមូលពត៌មាន ផ្នែកកិច្ចការស្ថាប័ន និងផ្នែកភស្ដុភារ ក៏ដូចជាលក្ខណៈសម្បត្តិផ្នែកសវនកម្មសង្គម។
ប្រភពដដែលបានបន្តថា បើផ្អែកលើទិដ្ឋភាពវិធីសាស្ត្រក្នុងការប្រមូលពត៌មាន របាយការណ៍នេះមានវិសាលភាពតូចនៅឡើយ ដោយសារសំណាកមានចំនួនតិចក្នុងចេតនាឱ្យយើងអាចមើលឃើញថានេះគ្រាន់តែជាឧទាហរណ៍បង្ហាញប៉ុណ្ណោះ ពោលគឺពុំទាន់ជាតំណាងឱ្យកម្មករនិយោជិតកាត់ដេរកម្ពុជាទាំងអស់នោះទេ។
ក្នុងខែធ្នូ ឆ្នាំ២០២២ មានការពិភាក្សាក្រុមគោលដៅចំនួនបី ធ្វើឡើងជាមួយថ្នាក់ដឹកនាំសហជីពមកពីCATU និងC.CAWDU ដោយក្នុងនោះមានអ្នកតំណាងសហជីពសរុបចំនួន ៧៨ នាក់ (មានស្ត្រីចំនួន៣៩នាក់) មកពីសហជីពមូលដ្ឋានចំនួន២៤ នៅរោងចក្រចំនួន២២។
ក្នុងខែមិថុនា ឆ្នាំ២០២៣ មានការសិក្សាអង្កេតតាមដានបន្តធ្វើឡើងជាមួយអ្នកតំណាងម្នាក់ៗ មកពីសហជីពចំនួន១៤ ក្នុងចំណោមសហជីពទាំង២៤ ដែលធ្លាប់បានចូលរួមកាលពីខែធ្នូកន្លងមក (គិតមកទល់ពេលនោះ សហជីពចំនួនប្រាំមួយត្រូវបានរំលាយអាស្រ័យដោយរោងចក្របិទទ្វារ ហើយសហជីពនៅសល់ចំនួនបួនទៀត គឺពុំមានរបាយការណ៍នៃភាពអនុលោមតាមច្បាប់ ឬពុំបានចុះបញ្ជីជាមួយ BFC)។
សំនួរក្នុងការសិក្សាអង្កេត រួមមានសំណួរចំនួន២៥ ស្ដីពីការរើសអើងសហជីព ទប់ស្កាត់សហជីព ការចរចាសមូហភាព និងសិទ្ធិធ្វើកូដកម្ម ដែលដកស្រង់ចេញពីឧបករណ៍វាយតម្លៃអនុលោមតាម (CAT) របស់ BFC លើចំណុចសេរីភាពផ្នែកសមាគម។
សេចក្តីថ្លែងការណ៍បានបន្តថា ៖ «ដូចមានបញ្ជាក់នៅក្នុងវិធីសាស្ត្រនៃរបាយការណ៍នេះទាំងមូល យើងទទួលស្គាល់ថា ទំហំសំណាករបស់យើងនៅមានកម្រិត ហើយពុំមានលក្ខណៈតំណាងឱ្យបទពិសោធន៍ជាក់ស្ដែងរបស់គ្រប់កម្មករនិយោជិត និងគ្រប់សហជីពទាំងអស់ក្នុងប្រទេសកម្ពុជាទេ»។
«យើងបានគូសបញ្ជាក់នៅក្នុងខ្លឹមសារសង្ខេប និង សេចក្ដីសន្និដ្ឋានហើយថា របាយការណ៍នេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៅក្នុងកម្រងការស្រាវជ្រាវស្ដីពីសិទ្ធិសហជីព និងលក្ខខណ្ឌការងារក្នុងប្រទេសកម្ពុជា ហើយគោលបំណងក្នុងវគ្គនេះ មិនមានផលិតរបាយការណ៍ដែលផ្តល់សេចក្តីសន្និដ្ឋានទៅលើលក្ខខណ្ឌការងារនៅគ្រប់រោងចក្រ ឬលក្ខខណ្ឌការងាររបស់កម្មករទាំងអស់នោះដែរ»។
របាយការណ៍ក៏បានបញ្ជាក់នៅលើទំព័រទី២១ថា ៖ «ទំហំសំណាកមានកម្រិតកំណត់ ពុំអនុញ្ញាតឱ្យយើងអាចប្រើប្រាស់តំណាងឱ្យឧស្សាហកម្មទាំងមូលបានទេ។ យើងទទួលស្គាល់ទាំងស្រុងថា សំណាករបស់យើង គឺពុំមានភាពតំណាងឱ្យវិស័យកាត់ដេរកម្ពុជាទាំងមូលនោះទេ»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ៖ «យើងខ្ញុំសូមបញ្ជាក់ជាថ្មីទៀតថារបាយការណ៍នេះពុំមានចេតនាជាការវាយប្រហារលើភាគីណាមួយ ឬស្ថាប័នណាមួយ ហើយក៏មិនមានចេតនាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានោះដែរ»។
គោលបំណងចម្បងនៃរបាយការណ៍នេះ គឺដើម្បីវាយតម្លៃផ្នែកមួយនៅក្នុងកម្មវិធីពិនិត្យតាមដានភាពអនុលោមតាមច្បាប់របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា BFC។ BFC គឺជាកម្មវិធីមួយដ៏ទូលំទូលាយ ហើយការងាររបស់ BFC គឺគ្របដណ្ដប់លើទិដ្ឋភាពជាច្រើន ពោលគឺមិនមែនមានត្រឹមតែគេហទំព័រតម្លាភាព និងទិន្នន័យតម្លាភាពនោះឡើយ។
សេវាប្រឹក្សាយោបល់របស់ BFC បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅតាមបណ្តាររោងចក្រ ព្រមទាំងផ្ដល់បរិកាសសម្រាប់កិច្ចសហការឆ្លើយតបចំពោះបញ្ហាភាពមិនអនុលោមតាមច្បាប់ នៅពេលបញ្ហាទាំងនោះកើតមាន។
ជាមួយគ្នានេះដែរ របាយការណ៍បានរំលេចឱ្យឃើញនូវភាពមិនស៊ីសង្វាក់គ្នារវាងករណីនានានៃការរំលោភបំពានលើសេរីភាពសហជីព ដែលបានកត់ត្រាទុកក្នុងឯកសារ ហើយត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ធៀបជាមួយទិដ្ឋភាពជាក់ស្ដែង។ ផ្ទុ
យទៅវិញបញ្ហាទាំងនោះពុំត្រូវបានដាក់បញ្ជូលនៅក្នុងទិន្នន័យសាធារណៈរបស់ BFCហើយក៏ទទួលស្គាល់ផងដែរថា «ការចាប់ផ្តើមរបស់ BFC និងការបើកបង្ហាញជាសាធារណៈអំពីភាពអនុលោមតាមច្បាប់របស់រោងចក្រនីមួយៗ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការយល់ដឹងស្ដីពីលក្ខខណ្ឌការងារក្នុងឧស្សាហកម្មកាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជា ក៏ដូចជាលើកទឹកចិត្តឱ្យមានការកែតម្រូវជាវិជ្ជមាន»។
សង់ត្រាល់ ក្នុងនាមជាអ្នកសរសេររបាយការណ៍ រួមមាន (កាទូ) និង (ស៊ីខៅឌូ) ដែលបានសម្របសម្រួលការប្រមូលទិន្នន័យ រីករាយស្វាគមន៍ និងឆ្លើយតបចំពោះសំណួរ ឬកង្វល់ដែលនឹងទទួលបាននាពេលខាងមុខពីសហជីពមូលដ្ឋាន ដៃគូការងារ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធឯទៀត ដែលទាក់ទងជាមួយការរកឃើញ និងអនុសាសន៍របស់ខ្លួន។
សង់ត្រាល់ស្វាគមន៍កិច្ចសន្ទនាគ្រប់ទម្រង់ទាំងអស់ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ និងដើម្បីបង្ការកុំឱ្យមានការភ័ន្តច្រឡំដទៃទៀត ដែលអាចកើតមានពីការផ្សព្វផ្សាយរបាយការណ៍នេះ៕