សកម្មជនចលនាមាតាធម្មជាតិ ចំនួន៥រូប ក្នុងចំណោម៨រូប ឡើងសវនាការសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះ
នាព្រឹកថ្ងៃទី២៩ ខែឧសភានេះ សកម្មជនចលនាមាតាធម្មជាតិ ចំនួន៨នាក់ ត្រូវចូលសវនាការតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាតិ ប៉ុន្តែត្រូវអវត្តមានចំនួន៣នាក់។
ក្រុមសកម្មជនចំនួន៥រូបដែលឡើងសវនាការនាពេលនេះ បានស្លៀកពាក់ឈុតពណ៌ស ដៃកាន់ផ្កាឈូក និងបានជូនផ្កាឈូកជូនប្រជាពលរដ្ឋនៅតាមផ្លូវ ពេលដែលពួកគេដើរមកកាន់សាលាដំបូងផងដែរ។
កញ្ញា ភួន កែវរស្មី អាយុ ២០ឆ្នាំ បានប្រាប់ឱ្យដឹងមុនពេលឡើងសវនាការនាព្រឹកថ្ងៃទី២៩នេះថា កញ្ញាហាក់មានអារម្មណ៍ភ័យផងដែរព្រោះកញ្ញាខានឡើងតុលាការយូរបន្ទាប់ពីបាននៅក្រៅឃុំតាំងពីខែឧសភា ឆ្នាំ២០២២។
កញ្ញាថា ៖ «រាងភ័យអរដែរ ប៉ុន្តែក៏មានអារម្មណ៍កក់ក្តៅជាមួយនឹងសកម្មជន និងយុវជនយើងទាំងអស់គ្នា។ យើងក៏សប្បាយចិត្តពេលបានជូនផ្កាឈូកទៅដល់ប្រជាពលរដ្ឋនៅតាមផ្លូវ ហើយពួកគាត់ទទួលដោយក្តីញញឹម និងជ្រះថ្លាមែនទែន ដែលខ្ញុំសង្ឃឹមថាលទ្ធផលតុលាការរបស់យើងខ្ញុំជ្រះថ្លាដូចទឹកចិត្តរបស់ប្រជាពលរដ្ឋផងដែរ»។
ទាក់ទងនឹងការបទចោទ កញ្ញា ភួន កែវរស្មី បានលើកឡើងថា បទចោទទាំងនេះក្រុមសកម្មជនរបស់កញ្ញាមិនដែលទទួលយកបទចោទនេះទេ ហើយពួកគេក៏មិនដែលមានចិត្តគំនិតប្រព្រឹត្តដូចបទចោទនេះទេ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ពួកគេត្រូវតែធ្វើតាមនីតិវិធីរបស់តុលាការ។
ចំណែក កញ្ញា ឡុង គន្ធា បានប្រាប់ឱ្យដឹងដែរថា ទោះបីជាថ្ងៃនេះ តុលាការសម្រេចចោទប្រកាន់ និងនាំខ្លួនពួកគេទៅកាន់ពន្ធនាគារវិញក៏ដោយ ក៏ពួកគេនៅតែអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលតែងតែផ្តល់យុត្តិធម៌ដល់ពួកគេ ទោះបីជាតុលាការមិនផ្តល់យុត្តិធម៌ឱ្យពួកគេក៏ដោយ។
កញ្ញាថា ៖ «ប្រជាជនកម្ពុជា ក៏ដូចជាអន្តរជាតិបានផ្តល់យុត្តិធម៌ឱ្យពួកយើងរួចហើយ ហើយយើងសង្ឃឹមថាបងប្អូននឹងរឹងមាំ និងនៅតែបន្តការងារក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាបន្តទៀតដែរ»។
សម្រាប់យុវជន លី ចាន់ដារ៉ាវុធ វិញ បានលើកឡើងថា លោកមិនមានការសោកស្តាយអ្វីឡើយ ចំពោះសកម្មភាពដែលរូបលោក និងសកម្មជនដទៃទៀតបានធ្វើកន្លងមក។
យុវជនរូបនេះបានបញ្ជាក់ថា ៖ «អ្វីដែលយើងធ្វើកន្លងមកគឺដើម្បីតែប្រជាជន ជាតិ សាសនា ព្រះមហាក្សត្រ ដោយយើងចង់ឃើញប្រជាជនយើងរស់នៅក្នុងសេចក្តីថ្លៃថ្នូរ រស់នៅដោយមានសេរីភាព មិនមានការភ័យខ្លាចមានការបណ្តេញចេញ ឬរំលោភបំពាននោះឡើយ»។
ចំណែក លោក ថុន រដ្ឋា ដែលបានបីកូនមុនពេលដើរចូលតុលាការ បានថ្លែងថា ប្រសិនបើនាំគ្នាមិនខ្វល់ពីការការពារធនធានធម្មជាតិ និងមានការរុកគួនដល់អ្នកដែលស្រលាញ់ និងហ៊ាននិយាយពីការបំផ្លាញធនធានធម្មជាតិ នោះតើជំនាន់ក្រោយនឹងវាទៅជាយ៉ាងណា?
លោកថា ៖ «ខ្ញុំធ្វើសម្រាប់អនកជំនាន់ក្រោយ។ ជំនាន់ខ្ញុំ ប៉ុន្មានឆ្នាំទៀត ខ្ញុំអាចនឹងស្លាប់ តែកូនខ្ញុំ ចៅខ្ញុំនៅមានជីវិតយូរ តៗជំនាន់ទៀត។ ប្រសិនបើតុលាការសម្រេចចាប់យើងដាក់គុកម្តងទៀត តុលាការនឹងទទួលរងកាន់តែខ្លាំងនូវភាពអាម៉ាសរបស់ខ្លួនឯងដែលចាប់យុវជនស្អាតស្អំដែលស្រលាញ់ធនធានធម្មជាតិ ប្រទេសខ្លួនឯង ចឹងគេនឹងកាន់តែថ្កោលទោសប្រព័ន្ធតុលាការនៅក្នុងស្រុកខ្មែរទៀត»។
លោក ថុន រដ្ឋា បានបន្ថែមទៀតថា សម្រាប់រូបលោក ក៏ដូចជាសកម្មជនផ្សេងៗទៀត គឺប្រជាពលរដ្ឋនៅទូទាំងប្រទេសបានផ្តល់យុត្តិធម៌ ផ្តល់ភាពស្អាតស្អំមកកាន់ពួកគេរួចទៅហើយ ដោយបានលើកទឹកចិត្ត សរសើរ និងបង្ហាញជាវីរជន វីរភាពមកដល់ពួកលោកហើយ។
លោកថា៖ «ខ្ញុំយកកូនខ្ញុំមកនេះ ខ្ញុំចង់បង្ហាញថាអ្វីដែលខ្ញុំធ្វើគឺសម្រាប់ពួកគាត់ ហើយសង្ឃឹមថាពេលដែលគាត់ធំគាត់នឹងចាប់ផ្តើមយល់ពីអ្វីដែលឪពុកគាត់ធ្វើ ហើយគាត់នឹងមានមោទនភាពចំពោះអ្វីដែលឪពុកគាត់ធ្វើនៅពេលនេះ»។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង៨កន្លះព្រឹក សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ពីរួមគំនិតក្បត់ និងប្រមាទព្រះមហាក្សត្រ។
អនុប្រធានទី៤ នៃសមាគមនិស្សិតបញ្ញវន្តខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា ដែលបានចូលរួមតាមដានសវនាការរបស់សកម្មជន ចលនាមាតាធម្មជាតិ នាសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះបានប្រាប់ឱ្យដឹងដែរថា សកម្មជនទាំងនេះបានធ្វើសកម្មភាពការពារបរិស្ថានដើម្បីមុខមាត់រាជរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
កញ្ញាថា ៖ «ពួកយើងមិនមានការពេញចិត្តទេដែលពួកគាត់ត្រូវបទចោទថាក្បត់ជាតិ និងប្រមាថអង្គព្រះមហាក្សត្រទៀត ព្រោះសកម្មភាពរបស់ពួកគាត់ធ្វើ គឺយើងមើលមិនឃើញថាមានកន្លែងណាដែលពួកគាត់ប្រមាថ ឬក៏ពួកគាត់ក្បត់ជាតិនោះទេ ព្រោះពួកយើងមានសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងនាមពួកយើងជាប្រជាពលរដ្ឋ»។
កញ្ញា រៀម ស្រីពេជ្ររតនា សង្ឃឹមថាតុលាការ ដែលជាស្ថាប័នយុត្តិធម៌នឹងផ្តល់យុត្តិធម៌ដល់សកម្មជនទាំងនេះដោយយុត្តិធម៌ដូចឈ្មោះស្ថាប័នផងដែរ។
យុវតីរូបនេះបានអំពាវនាវថា ៖ «ខ្ញុំចង់ផ្តាំដល់យុវជនថា នៅក្នុងប្រទេសរបស់យើងកម្លាំងស្នូលពិសេសបំផុតគឺយុវជន ព្រោះយុវជនជាទំពាំងស្នងឬស្សី ហើយពាក្យដែលយើងនិយាយគឺមានអត្ថន័យធ្ងន់មែនទែន។ ការចាប់ផ្តើមការពារបរិស្ថានគឺត្រូវផ្តើមចេញពីប្រជាពលរដ្ឋ ចាប់ផ្តើមចេញពីយុវជនដែលជាស្នូលនៃសង្គមដើម្បីធ្វើជាភ្នែក ច្រុមុះ ដែលជាចំណុចមួយជួយបំពេញទៅដល់រដ្ឋាភិបាល។ ចឹងទាំងអស់គ្នាមានតួនាទីការពារបរិស្ថាន មិនមែនមានតួនាទីតែរាជរដ្ឋាភិបាលនោះទេ»។
សូមរម្លឹកផងដែរថា សកម្មជនចលនាមាតាធម្មជាតិ ដែលត្រូវឡើងសវនាការនាសាលាដំបូងរាជធានីភ្នំពេញនៅពេលនេះរួមមាន៖ ១. ឈ្មោះ ស៊ុន រដ្ឋា ភេទ ស្រី អាយុ ២៧ឆ្នាំ, ២. ឈ្មោះ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ, ៣. ឈ្មោះ យឹម លាងហ៊ី ភេទ ប្រុស អាយុ ៣២ឆ្នាំ, ៤. ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ឆ្នាំ, ៥. ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២០ឆ្នាំ, ៦. ឈ្មោះ លី ចាន់ដារ៉ាវុត ភេទ ប្រុស អាយុ ២១ឆ្នាំ, ៧. ឈ្មោះ ពក ខឺយ ភេទ ប្រុស អាយុ ២៥ឆ្នាំ និង ៨. ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន ភេទ ប្រុស អាយុ ៤១ឆ្នាំ។
ប៉ុន្តែជនជាប់ចោទចំនួន៣រូបត្រូវអវត្តមាន ដែលរួមមាន៖ ១. ឈ្មោះ ស៊ុន រដ្ឋា ភេទ ស្រី អាយុ ២៧ឆ្នាំ, ២.ឈ្មោះ ពក ខឺយ ភេទ ប្រុស អាយុ ២៥ឆ្នាំ និង ៣.ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន ភេទ ប្រុស អាយុ ៤១ឆ្នាំ៕