វិបត្តិសង្គ្រាមអ៊ុយក្រែន ៖ លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី ចោទទីក្រុងមូស្គូថា ទាត់ចោល សំណើរបទឈប់បាញ់លើថាមពលរបស់លោកត្រាំ ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅតែបន្តធ្ងន់ធ្ងរ
ខណៈទីក្រុងគៀវអះអាងថាខ្លួនបានអត់ធ្មត់ មិនវាយបកតាមការស្នើសុំរបស់ប្រធានាធិបតីអាម៉េរិក វិមានក្រឹមឡាំងបែរជាឆ្លើយតបវិញដោយការទម្លាក់គ្រាប់បែក និងបាញ់ដ្រូនប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនចំនួន ៦កន្លែង។ ស្ថានការណ៍នេះបានធ្វើឱ្យមេដឹកនាំអឺរ៉ុបព្រមានថា ទីក្រុងមូស្គូគ្មានឆន្ទៈចរចាដោយស្មោះត្រង់ឡើយ ប្រសិនបើគ្មានសម្ពាធខ្លាំងក្លានោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសដោយជំហររឹងម៉ាំថា ប្រទេសរុស្ស៊ីបានបដិសេធ និង «ទាត់ចោល» យ៉ាងចំហនូវបទឈប់បាញ់លើវិស័យថាមពល ដែលស្នើឡើងដោយប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីវិមានក្រឹមឡាំងបានបន្តបើកការវាយប្រហារយ៉ាងចាស់ដៃតាមផ្លូវអាកាស មកលើប្រព័ន្ធថាមពលស៊ីវិលរបស់អ៊ុយក្រែន ក្នុងអំឡុងពេលប៉ុន្មានម៉ោងចុងក្រោយនេះ។
តាមរយៈសារលើបណ្តាញសង្គមអ៊ិក (X) លោកហ្ស៉េឡេនស្គី បានគូសបញ្ជាក់អំពីការអត់ធ្មត់ខាងផ្នែកយោធារបស់ទីក្រុងគៀវ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតុន ដោយថ្លែងថា ៖ «កាលពីរាត្រីមុន យើងមិនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលណាមួយនៅលើទឹកដីរុស្ស៊ីនោះទេ ដោយសារតែប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា នឹងមានការឈប់បាញ់លើប្រព័ន្ធថាមពលរវាងអ៊ុយក្រែន និងរុស្ស៊ី»។ លោកបានបន្ថែមថា ខណៈអ៊ុយក្រែនរក្សាការសន្យា ភាគីរុស្ស៊ីបែរជាប្រើប្រាស់ឱកាសនេះ បើកការវាយប្រហារលើស្ថានីយ និងរោងចក្រថាមពលជាច្រើនកន្លែងរបស់អ៊ុយក្រែនទៅវិញ ដោយទីក្រុងគៀវមិនបានវាយប្រហារតបតវិញឡើយ។
ភាពច្បាស់លាស់នៃចេតនារបស់មូស្គូ និងការអំពាវនាវទៅអាម៉េរិក
ផ្អែកលើរបាយការណ៍ពីក្រុមការងារចរចារបស់អ៊ុយក្រែននៅអាម៉េរិក លោកហ្ស៉េឡេនស្គី បានគូសបញ្ជាក់ថា រុស្ស៊ីគ្មានបំណងទទួលយកបទឈប់បាញ់ថាមពលដែលអាម៉េរិកស្នើនោះទេ។ គិតត្រឹមថ្ងៃទី១២ ខែតុលា រុស្ស៊ីបានប្រើប្រាស់ទាំងដ្រូនស្ហ៉ាហេដ Shahed និងគ្រាប់បែកទម្លាក់តាមអាកាស វាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនយ៉ាងតិច ៦កន្លែង នៅទូទាំងប្រទេស។
លោក ហ្ស៉េឡេនស្គី បានសង្កត់ធ្ងន់ថា៖ «ជំហររបស់យើងគឺច្បាស់លាស់ដាច់ខាត។ អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការធានាការឈប់បាញ់លើថាមពល ដូចដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាម៉េរិក ហើយរុស្ស៊ីក៏ត្រូវតែចាប់យកវិធានការប្រហាក់ប្រហែលគ្នានេះដែរ»។ លោកបានព្រមានថា ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងប្រជាជនស៊ីវិលអ៊ុយក្រែន នោះទីក្រុងមូស្គូកំពុងតែ «បំផ្លាញឱកាសមួយទៀត ក្នុងការនាំយកសន្តិភាពឱ្យខិតជិតមកដល់»។
ប្រឈមមុខនឹងស្ថានភាពនេះ មេដឹកនាំអ៊ុយក្រែនបានអំពាវនាវឱ្យរដ្ឋបាលក្រុងវ៉ាស៊ីនតុន បង្ហាញពីសមត្ថភាពពិតប្រាកដក្នុងការដាក់សម្ពាធជំរុញឱ្យវិមានក្រឹមឡាំងផ្លាស់ប្តូរជំហរ។ ទោះជាយ៉ាងណា លោកហ្ស៉េឡេនស្គី បានអះអាងថា កិច្ចសន្ទនាការទូតរវាងទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតុន នៅតែបន្តធ្វើឡើងយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ដើម្បីកំណត់ក្របខណ្ឌ និងប្រែក្លាយការប្រកាសបទឈប់បាញ់ឱ្យទៅជាវិធានការអនុវត្តជាក់ស្តែង។
សម្ព័ន្ធមិត្តអឺរ៉ុបបង្ហាញការសង្ស័យ និងការស្វែងរកខែលហិរញ្ញវត្ថុរយៈពេលវែង
ស្របពេលជាមួយគ្នានេះដែរ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រ៊ីឌ្រីដ មឺហ្ស៍ កាលពីថ្ងៃទី១២ ខែតុលា បានវាយតម្លៃថា ៖ «ប្រទេសរុស្ស៊ីនឹងមិនធ្វើការចរចាដោយម៉ឺងម៉ាត់ ឬស្មោះត្រង់នោះទេ ប្រសិនបើប្រទេសនេះមិនស្ថិតនៅក្រោមសម្ពាធខ្លាំងក្លានោះ»។ ជាមួយគ្នានេះ លោកបានបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងម៉ាំពីសំណាក់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ជូនចំពោះអ៊ុយក្រែន បន្តទៅមុខទៀតផង។
