វគ្គបណ្តុះបណ្តាល «ភាពជាគំរូនៃការដឹកនាំ» ជូនដល់ប្រធានយុវជនព្រះសហគមន៍កាតូលិក
កែប៖ ប្រធានយុវជនជាច្រើន រូបមកពីព្រះសហគមន៍នានានៃភូមិភាគភ្នំពេញ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ ការិយាល័យយុវជន ជំទង់ និងកុមារព្រះសហគមន៍ភូមិភាគភ្នំពេញ ក្រោមប្រធានបទ «ភាពជាគំរូនៃការដឹកនាំ» កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា នៅក្នុងមណ្ឌលសកម្មភាពកំពត (អេដែនវល្លិ៍/ភ្នំវល្លិ៍) ខេត្តកែប។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ បានឱ្យដឹងថា កម្មវិធី បណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃ សម្រាប់ប្រធានយុវជនមកពីព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញទាំងមូល។ កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពប្រធានយុវជនតាមព្រះសហគមន៍ ព្រមទាំងផ្តល់ពេលវេលាពិសេសឱ្យពួកគេរិះគិតអំពីកិច្ចការបម្រើក្នុងនាមជាអ្នកដឹកនាំ និងរៀបចំគម្រោងការផ្សេងៗ ដើម្បីដឹកនាំយុវជនដទៃទៀតឱ្យចូលរួមសកម្មភាពកាន់តែច្រើននៅក្នុងព្រះសហគមន៍។
លោក សារឿន បានបន្តថា ចំណុចសំខាន់ដែលការិយាល័យចង់ផ្ដល់ជូនដល់ពួកគេ គឺការបង្ហាញផ្លូវឱ្យរកឃើញមូលដ្ឋានគ្រឹះ ឬគោលការណ៍នៃការដឹកនាំប្រកបដោយគំរូភាព។ នៅក្នុងកម្មវិធីនេះដែរ ក៏មានវត្តមាន លោកបូជាចារ្យ វី សំណាង ចូលរួមណែនាំ និងអប់រំអំពីរបៀបដឹកនាំរបស់ព្រះយេស៊ូ ដែលមានចែងយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ រួមមាន៖ ការសង្គ្រោះ ការដាក់ខ្លួនជាអ្នកបម្រើ និងការបង្ហាញសេចក្តីស្រឡាញ់ដោយឥតប្រកាន់។
ប្រធានយុវជនភូមិភាគ រូបនេះបានបន្ថែមថា វគ្គបណ្តុះបណ្តាលប្រធានយុវជននេះត្រូវបានរៀបចំឡើងមួយឆ្នាំម្តង ជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និងលើកទឹកចិត្តឱ្យយុវជនតាមព្រះសហគមន៍ស្ម័គ្រចិត្តធ្វើជាប្រធានដឹកនាំក្រុមយុវជនក្នុងតំបន់របស់ខ្លួន រួមចំណែកធ្វើឱ្យព្រះសហគមន៍មានការរីកចម្រើន និងមានជីវិតរស់រវើក។ លោក ស៊ាន់ សារឿន បានបញ្ជាក់ទៀតថា ចាប់តាំងពីបង្កើតវគ្គបណ្តុះបណ្តាលនេះឡើងក្នុងឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន សង្កេតឃើញថាទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយមានយុវជន-យុវនារីជាច្រើនបានស្ម័គ្រចិត្តបំពេញតួនាទីជាប្រធាន ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមបម្រើព្រះសហគមន៍។
សម្រាប់ផែនការទៅថ្ងៃអនាគត ការិយាល័យនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ដើម្បីបំប៉នសមត្ថភាពយុវជនឱ្យកាន់តែមានថាមពលក្នុងការចូលរួមសកម្មភាពទាំងក្នុងព្រះសហគមន៍ និងក្នុងសង្គម។ អត្ថបទដោយ៖ ឆាក លាំង