លោក ស សុខា បញ្ជាឱ្យ លោក ម៉ៅ ធនិន រៀបចំរបាយការណ៍​លម្អិតទាក់ទងនឹង​ក្រុមហ៊ុន​បញ្ជីអ្នកទទួលការ

ឧបនាយករដ្ឋមន្រ្តី ​​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បាន​បញ្ជាឱ្យ​អភិបាលខេត្តកំពត លោក ម៉ៅ ធនិន រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំជួយអន្តរាគមន៍របស់ តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈ្មោះ ជាអ្នកទទួលការឆ្នាំ២០២៤ ដដែល។

នេះបើយោងតាម​លិខិតផ្ញើជូនអភិបាលខេត្តកំពត​ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ចុះហត្ថលេ​ខាដោយលោក ស សុខា ដែល​RVA Khmerទទួលបាននៅថ្ងៃទី​២០ ខែឧសភា នេះ​ ដោយ លោក ស សុខា ឱ្យ​រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំជួយអន្ត​រាគមន៍របស់ តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២​០​២៣ ឱ្យមានឈ្មោះ ជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើឱ្យខុសពីលក្ខណៈ បច្ចេកទេស ឬបង្កវិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ។

​លិខិត​ដដែលនេះបាន​លើកឡើងថា ឈ្មោះ ចេវ សារឿន ឈ្មោះ គិត ស៊ីថា ឈ្មោះ កែវ ចាន់ណារ៉ា និងឈ្មោះ យន់ រឿន ដែលបានអះអាងថា ជាតំណាងឱ្យក្រុមហ៊ុនចំនួន១៨ នៅក្នុងខេត្តកំពត បានដាក់ពាក្យស្នើសុំជួយអន្តរាគមន៍មកក្រសួងមហាផ្ទៃ ដើម្បីសុំអនុញ្ញាតឱ្យក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈោ្មះ ជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើខុសលក្ខណៈបច្ចេកទេស ឬបង្ក វិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ។

នៅក្នុងពាក្យស្នើសុំជួយអន្តរាគមន៍នេះបានបញ្ជាក់ថា ក្រុមហ៊ុនទាំង អស់មានបទពិសោធក្នុងកា​រកសាង និងអភិវឌ្ឍន៍គម្រោងមូលនិធិឃុំ សង្កាត់បានល្អប្រសើរ ពុំដែលមានបញ្ហា ខុសឆ្គង ឬខុសបច្ចេកទេសអ្វីឡើយ ហើយថែមទាំងមានលទ្ធភាព និងមានគ្រឿងចក្រគ្រប់គ្រាន់សម្រាប់អនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ទៀតផង ប៉ុន្តែបែរជាពិបាកក្នុងការទទួលបានសិទ្ធិចូលរួមដេញថ្លៃគម្រោងមូលនិធិ ឃុំ សង្កាត់ នៅក្នុងខេត្តកំពត។

ទន្ទឹមនេះ សារព័ត៌មាន Vcnhotnews ក៏បានចុះផ្សាយថា អ្នកទទួលការចំនួន ៧២ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំទៅទីចាត់ការផែនការ និងវិនិយោគខេត្ត ប៉ុន្តែលទ្ធផលជាប់ឈ្មោះជាអ្នក ទទួលការឆ្នាំ២០២៤ តែ១៥ក្រុមហ៊ុនប៉ុណ្ណោះ។

សារព័ត៌មាននេះបានបន្តទៀតថា តំណាងក្រុមហ៊ុនទាំងនោះ មានចម្ងល់ថា តើមូលហេតុអ្វីបានជានាយកទីចាត់ការផែនការ និងវិនិយោគខេត្តលុបឈ្មោះក្រុមហ៊ុនពួកគាត់ ចេញពីបញ្ជីឈ្មោះអ្នកទទួលការយ៉ាងអយុត្តិធម៌ ដោយពួកគាត់ពុំដែលមានកំហុសសោះ ចំណែកឯបទពិសោធ និងគ្រឿងចក្រក៏ពួកគាត់មានប្រហាក់ប្រហែលនឹងក្រុមហ៊ុនដែលជាប់ឈ្មោះជាអ្នកទទួលការនោះផងដែរ។

លោក ស សុខា បញ្ជាក់តាមរយៈលិខិតនេះថា ៖ «ផ្អែកតាមបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំដែលរដ្ឋបាលខេត្តកំពតបានរៀបចំ និងផ្ញើមកក្រសួងមហាផ្ទៃរយៈពេល៣ឆ្នាំចុងក្រោយនេះឃើញថា ចំនួនអ្នកទទួលការនៅរដ្ឋបាលខេត្តកំពតមានការប្រែប្រួល ថយចុះគួរឱ្យកត់សម្គាល់»។

លោករដ្ឋមន្ត្រីបាន​បន្តថា ឆ្នាំ២០២២ មានអ្នកទទួលការសរុបចំនួន៦៥ នៅក្នុងបញ្ជីឈ្មោះអ្នកទទួលការ។ ឆ្នាំ២០២៣ មានអ្នកទទួលការសរុបចំនួន៦៤ នៅក្នុងបញ្ជីឈ្មោះអ្នកទទួលការ និង​ឆ្នាំ២០២៤ មានអ្នកទទួលការសរុបចំនួន១៥ នៅក្នុងបញ្ជីឈ្មោះអ្នកទទួលការ។

លោកសង្កត់ធ្ងន់ថា ៖ «ដើម្បីស្រាយបំភ្លឺចម្ងល់របស់តំណាងក្រុមហ៊ុនទាំង១៨ និងបង្ហាញពីតម្លាភាព សុចរិតភាព និងយុត្តិធម៌ ក្នុងការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត ក្រសួងមហាផ្ទៃស្នើឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពត រៀបចំរបាយកា​រណ៍លម្អិតជូនក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការស្នើសុំជួយអន្តរាគមន៍របស់តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈ្មោះជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើឱ្យខុសពីលក្ខណៈបច្ចេកទេស ឬបង្កវិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ»​។

នៅក្នុងរបាយការណ៍ជូនក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលក្រុមហ៊ុនទាំង១៨ មិនមានឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៤ នៃខេត្តកំពត ដោយភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗផងដែរ៕

Daily Program

Livesteam thumbnail