លោក ស សុខា និងគណៈប្រតិភូបន្តស្វែងយល់ពីយុវជនអាល្លឺម៉ង់ក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងដើម្បីការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន
ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនានិងស្ដាប់បទបង្ហាញពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។
ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House of the Youth (ផ្ទះយុវជន) ខណៈបទបង្ហាញ ស្ដីពី កិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន ក៏បានរៀបចំឡើងដោយផ្ទាល់នៅមណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម។
ក្នុងបទបង្ហាញស្ដីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» លោក Richard Schiebl និងសហការីជំនាញ បានចែករំលែកជូនគណៈប្រតិភូកម្ពុជា អំពីយន្តការស្តីពីការចូលរួមរបស់យុវជន មានឈ្មោះថា គណៈកម្មការយុវជន ដែលជាផ្នែកមួយចំណុះក្រុមប្រឹក្សាក្រុង ដើម្បីនាំសំឡេងរបស់យុវជនដាក់ជូនថ្នាក់ដឹកនាំរដ្ឋបាល និងអ្នកនយោបាយ។
ចំណែកប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» មន្ត្រីជំនាញនៃមណ្ឌលបញ្ជាការត្រួតពិនិត្យបានជម្រាបជូនថា មណ្ឌលនេះជាទីតាំងសម្រាប់តំបន់និងក្រុងជាច្រើនរួមគ្នាទទួលខុសត្រូវលើការ ជូនដំណឹងអំពីការផ្តល់សេវាក្នុងស្ថានភាពអាសន្ន ដូចជា ការបង្ការ និងពន្លត់អគ្គីភ័យ សេវាជួយសង្គ្រោះ ការដឹកជញ្ជូនអ្នកជំងឺ និងដឹកនាំប្រតិបត្តិការជួរក្រោយជាដើម៕