លោក លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី
នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការជាមួយលោក Carson K. Sigrah ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី ដែលបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។
ក្នុងជំនួបនេះ លោក លី ធុជ បានស្នើសុំឱ្យប្រទេសមីក្រូណេស៊ី ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញានេះ។
ជាមួយគ្នានោះ លោកក៏បានអញ្ជើញគណៈប្រតិភូមីក្រូណេស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ខាងមុខ។
ជាការឆ្លើយតប លោក Carson K. Sigrah នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរដ្ឋាភិបាលប្រទេសម៉ាក្រូណេស៊ី ដើម្បីពិនិត្យនិងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើសុំឱ្យកម្ពុជាធ្វើលិខិតផ្លូវការអញ្ជើញប្រមុខរដ្ឋាភិបាលម៉ាក្រូណេស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤៕