លោក មាគ ស៊ន៖ គ្រូគឺជាឪពុកម្តាយទី២របស់យើងដែលបានផ្តល់នូវចំណេះដឹង និងវិជ្ជាជីវៈគ្រប់យ៉ាងឱ្យយើងបានមកដល់ពេលនេះ
ការដឹងគុណចំពោះជនណាមួយ គឺជាគំរូវីរភាពមួយសម្រាប់មនុស្សជាតិគ្រប់ៗរូប ជាពិសេសការដឹងគុណចំពោះឪពុកម្តាយ ជីដូនជីតា សាច់ញាតិ មិត្តភក្តិ តែអ្វីដែលកាន់តែពិសេសមួយទៀតនោះគឺការដឹងគុណចំពោះឪពុកម្តាយទី២ គឺលោកគ្រូអ្នកគ្រូដែលជាអ្នកផ្តល់ចំណេះវិជ្ជា។
ជាក់ស្តែង លោក មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ និងមិត្តភក្តិរួមជំនាន់បាក់ឌុបឆ្នាំ២០០១ បានរៀបចំនូវពិធីជួបជុំ និងថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូរបស់ពួកគាត់ ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទស្នាលជាទីបំផុត។
លោកបានប្រាប់ឱ្យដឹងថា ការជួបជុំ និងការរលឹកនឹកគុណដល់លោកគ្រូអ្នកគ្រូនេះ គឺក្នុងគោលបំណងដើម្បីជួបគ្នា សួរសុខទុក្ខគ្នា និងបង្ហាញទឹកចិត្តរបស់សិស្សចំពោះលោកគ្រូអ្នកគ្រូដែលបានប្រឹងប្រែងបង្រៀន ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សឱ្យមានអនាគតល្អមកដល់សព្វថ្ងៃនេះ។
លោក មាគ ស៊ន បានបន្តថា ៖ «យើងចង់បង្កើតស្នាដៃ ឬសមិទ្ធិផលខ្លះៗដែលជាអនុស្សាវរីយ៍របស់ក្រុមយើងជូនទៅដល់សាលា និងចង់បង្កើនមិត្តភាពឱ្យបានយូរអង្វែងតាមរយៈការជួបជុំគ្នា ដែលយើងមានពេលវេលាក្នុងការសួរសុខទុក្ខគ្នាទៅវិញទៅមកពីការងារ បញ្ហា និងការដឹងពីស្ថានភាពក្នុងការជួយគ្នាទៅវិញទៅមក»។
មួយវិញទៀត លោកក៏ចង់ឱ្យមានការបង្កើតឱ្យមានកម្មវិធីជួបជុំជាមួយនឹងអតីតសិស្ស ជាមួយនឹងលោកគ្រូអ្នកគ្រូឱ្យកាន់តែធំឡើង ដើម្បីជាចំណែកមួយក្នុងការជួយដល់សាលា សិស្សផ្សេងៗទៀត និងគម្រោងជួយគ្នាទៅវិញទៅមកនាពេលអនាគត។
លោក មាគ ស៊ន បានបញ្ជាក់ដែរថា ៖ «យើងចង់ឱ្យសិស្សានុសិស្សជំនាន់ៗក្រោយ មានការរៀបចំនូវការជួបជុំដូចយើងបាននិងកំពុងធ្វើនេះដែរ ហើយកម្មវិធីនេះគឺយើងធ្វើជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាគំរូសម្រាប់ប្អូនៗជំនាន់ក្រោយទៀត»។
បើតាមការលើកឡើងរបស់លោក មាគ ស៊ន កម្មវិធីជួបជុំ និងការរំលឹកគុណដល់លោកគ្រូអ្នកគ្រូនេះ ក្រុមរបស់លោកបានរៀបចំធ្វើចាប់ពីឆ្នាំ២០២៣ និងលើកទី២គឺនៅឆ្នាំ២០២៤នេះ ដោយក្រុមរបស់លោកបានរួមគ្នាបង្កើតសមិទ្ធិផលសម្រាប់កេរ្តិ៍តំណែលដល់សាលា និងបានជូនជាថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូផងដែរ។
លោកថា ៖ «យើងមានបំណងធ្វើពិធីនេះជារៀងរាល់ឆ្នាំ ដោយយើងសង្ឃឹមថានៅឆ្នាំក្រោយយើងនឹងធ្វើកាន់តែធំ និងមានអ្នកចូលរួមកាន់តែច្រើនជាមួយយើងដែរ។ ការដឹងគុណលោកគ្រូអ្នកគ្រូ គឺជាអ្វីដែលយើងត្រូវធ្វើជូនដល់គាត់ ហើយពួកគាត់គឺជាឪពុកម្តាយទី២របស់យើងដែលគាត់បានផ្តល់នូវចំណេះដឹង និងវិជ្ជាជីវៈគ្រប់យ៉ាងឱ្យយើងបានមកដល់ពេលនេះ»។
ជាមួយគ្នានេះដែរ លោក មាគ ស៊ន ក៏ចង់ឃើញ និងចង់ឱ្យកម្មវិធីជួបជុំរំលឹកគុណគ្រូនេះក្លាយជាគំរូមួយនៅគ្រប់សាលាទូទាំងប្រទេសកម្ពុជាតែម្តង ដែលគួរតែរៀបចំកម្មវិធីនេះនៅគ្រប់សាលា ដើម្បីធ្វើឱ្យពួកគាត់សប្បាយរីករាយ មិនមានភាពឯកោ ការអភិវឌ្ឍន៍សាលា សហគមន៍ និងជាការលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូផងដែរ៕