លោក ឌិត ទីណា៖ ការបង្កើតសហគមន៍កសិកម្មទំនើប គឺចង់ជំរុញឱ្យសហគមន៍កសិកម្មកាន់តែរីកចម្រើន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ខេត្តបាត់ដំបង នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោកបានសាទរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ផ្តល់ផលចំណេញដល់សមាជិកសហគមន៍។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖«គោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើប គឺចង់ជំរុញឱ្យសហគមន៍កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន»។
លោកបានបញ្ជាក់បន្ថែមថា ៖ «សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញ ដោយសហគមន៍ផ្ទាល់»។
បើតាម លោក ឌិត ទីណា ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាពជូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានការគាំទ្រ និងផលចំណេញទៅតាមទំហំដីកសិកម្មដែលបានដាក់ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីគោលជំហរ ក្នុងការរុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ចនេះឱ្យទៅមុខ ហើយកសិករដទៃទៀត អាចពិនិត្យតាមដាន និងធ្វើការសម្រេចចិត្តពេលក្រោយ។ បន្ទាប់ពីកិច្ចសំណេះសំណាល លោកបានចុះពិនិត្យស្ថានភាពផ្ទះសំណាញ់ និងទីតាំងនៃសមាជិកមួយចំនួននៃសហគមន៍កសិកម្ម៕