លោកអេនរីគេ៖ ២៥ឆ្នាំទៅមុខ សូមឲ្យក្រុមដូនជីនៅតែជាSafe guardian
គ្រីស្តបរិស័ទប្រមាណ៤០០នាក់ បានចួបជុំគ្នាថ្ងៃអាទិត្យ ដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំរបស់បុត្រីមេត្តាករុណានៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ (ពេទ្យយាយជី) ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់លោកអភិបាលទាំងបីភូមិភាគ អស់លោកបូជាចារ្យជាច្រើនអង្គ និងប្រធានធំនិងសមាជិកនៃក្រុមបុត្រីមេត្តាករុណាជិត២០នាក់ពីប្រទេសនានាចូលរួមផងដែរ។
លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានអបអរសាទរចំពោះវត្តមានរបស់ក្រុមដូនជីដែលបានបំពេញបេសកកម្មនៅស្រុកខ្មែររយៈពេល២៥ឆ្នាំមកនេះ។ លោកថា វត្តមានរបស់ក្រុមដូនជីមានលក្ខណៈពិសេសនាំឲ្យព្រះសហគមន៍ជិតស្និទ្ធជាមួយអ្នកក្រីក្រ យុវជន និងបងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើសនិងស្រលាញ់ខ្លាំងបំផុត។
លោកបញ្ជាក់ថា៖ «សកម្មភាពរបស់បងស្រី គឺជាដៃស្ដាំព្រះសហគមន៍នៅប្រទេសកម្ពុជា ជាមាគ៌ានិងគំរូឲ្យយើងធ្វើតាម»។
លោកអភិបាលបានស្នើសុំឲ្យក្រុមដូនជីនៅជាប់ជាមួយព្រះសហគមន៍ «ដើម្បីលើកទឹកចិត្តយើង ឲ្យយើងស្គាល់ផ្លូវវិញ្ញាណរបស់បងស្រី(ក្រុមដូនជី) សកម្មភាពរបស់បងស្រី ឲ្យយើងដើរជាមួយបងស្រី(និង)ជាមួយព្រះជាម្ចាស់ និងចេះប្រកាសដំណឹងល្អ ឲ្យយើងចេះរួមគ្នាជាបងប្អូនធ្វើដំណើរទៅមុខ»។
ក្រុមបុត្រីមេត្តាករុណា បង្កើតឡើងដោយសន្តវ៉ាំងសង់ដឺប៉ូល និងសន្ដី លូវីស ដឺ ម៉ារីយ៉ាក់ដែលមានមូលដ្ឋានគ្រឹះនៅប្រទេសបារាំង ក្នុងឆ្នាំ១៦៣៣ មានបេសកកម្មផ្តល់ជំនួយដល់អ្នកក្រីក្រ និងដោះស្រាយបញ្ហាបន្ទាន់បំផុតក្នុងសង្គមនាបច្ចុប្បន្នភាព។ ក្រុមគ្រួសារអ្នកបួសនេះ បានពង្រីកបេសកកម្មរបស់ខ្លួនក្នុងតំបន់អាស៊ី រហូតមកដល់ប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៩។
សកម្មភាពរបស់ក្រុមគ្រួសារអ្នកបួសនេះ មានតម្លៃពិសេសសម្រាប់ព្រះសហគមន៍នៅក្នុងភូមិភាគបាត់ដំបង។ នេះបើតាមប្រសាសន៍របស់លោកអភិបាលអេនរីគេ។ លោកថា ក្រោយសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅពេទ្យយាយជី យើងរងរបួសខ្លាំង ប៉ុន្តែ«បងស្រីបានដើរ(រួមដំណើរ) ដូចជា(អ្នក)ថែទាំព្រះសហគមន៍ និងលើកទឹកចិត្តយើង» ឲ្យរីកចម្រើនតាមផ្លូវវិញ្ញាណ និងឲ្យមានសកម្មភាពច្រើន ក្នុងនោះមាន ពេទ្យយាយជី សាលាមត្តេយ្យ សកម្មភាពជាមួយយុវជន មណ្ឌលសន្តវ៉ាំងសង់ដឺប៉ូល ចុះតាមភូមិជួបអ្នកក្រីក្រជាដើម។
លោកគង្វាលរូបនេះ បន្តថា «ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ អរគុណបងស្រីដែលមានវត្តមាន និងសកម្មភាពដ៏ល្អបំផុត» ដែលបានចូលរួមសកម្មក្នុងអង្គការការីតាសដែលជាដៃស្ដាំរបស់ព្រះសហគមន៍ ជាមួយមន្ទីរពេទ្យភ្នែកនៅតាកែវ គាំពារស្ត្រីដែលរងអំពើជួញដូរនិងហិង្សា។
«សម្រាប់អនាគត២៥ឆ្នាំទៅខាងមុខ យើងចង់ឲ្យបងស្រី ចូលរួមជាមួយព្រះសហគមន៍ ជាមួយអង្គការការីតាសព្រះសហគមន៍ថែមទៀត ដើម្បីឲ្យមានSafe Guardian ការពារថែរក្សាកូនក្មេង ថែរក្សានារី» លោកអភិបាលបន្ថែម។
ដូនជី ជូលី ដេសាគូឡា ជាសមាជិកនៃក្រុមបុត្រីមេត្តាករុណា មានប្រសាសន៍ថា បេសកកម្មដំបូងរបស់យើងគឺនៅភូមិភាគបាត់ដំបង ដោយថែទាំកូនក្មេង អប់រំជំនឿនិងផ្លូវវិញ្ញាណដល់យុវជននិងមនុស្សពេញវ័យ និង ផ្តល់កន្លែងស្នាក់នៅសម្រាប់អ្នកជំងឺត្រូវទៅមន្ទីរពេទ្យ។
ទោះបីការចាប់ផ្តើមបេសកកម្មដំបូងខ្វះខាត និងលំបាកច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនល្អក្តី ក៏ក្រុមដូនជីនៅតែឆ្ពោះទៅមុខ ព្រោះមានកម្លាំងពិសេស គឺមានកុមារ យុវជន និងគ្រួសារ ដែលកំពុងមានសេចក្តីត្រូវការ។
«មធ្យោបាយធ្វើដំណើរពីមុនលំបាក តែឥឡូវនេះស្រួលហើយ ប៉ុន្តែក្រីក្រគឺនៅតែមាន ហើយការចូលរួមច្រើនជាងមុន ដោយសារគេយល់អំពីបេសកកម្ម(របស់យើង)» ដូនជីជូលីបញ្ជាក់ទៀតថា ពីមុនយើងនៅជាប់ជាមួយព្រះសហគមន៍ តែសព្វថ្ងៃភាគច្រើន យើងនៅជាប់កិច្ចការងារសង្គម។
ក្នុងរយៈពេល២៥ឆ្នាំនេះ ដូនជីជូលី សង្កេតឃើញថា កុមារដែលទទួលការអប់រំនិងថែទាំរបស់ពួកគាត់រីកចម្រើន ដោយទទួលបានការងារ មានអំណរសប្បាយ ហើយចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍។
បច្ចុប្បន្ននេះ ក្រុមដូនជីបុត្រីមេត្តាករុណាមានសមាជិកចំនួន៦នាក់ និងមានបេសកកម្មចំនួន៤កន្លែង គឺ ខេត្តប៉ៃលិន ខេត្តតាកែវ និងរាជធានីភ្នំពេញមាន២កន្លែង គឺបឹងត្របែក និងពោចិនតុង។
ដូនជីជូលី ឲ្យដឹងថា បច្ចុប្បន្នសកម្មភាពនិងបេសកកម្មរបស់យើងត្រូវផ្លាស់ប្តូរតាមតម្រូវការរបស់សង្គម ដែលមាន ផ្តល់អាហារូបករណ៍ដល់កុមារនៅសាលារដ្ឋ ផ្តល់អាហារូបត្ថម្ភដល់កុមារតូចៗ ផ្តល់កន្លែងស្នាក់នៅ លើកទឹកចិត្តនិងគាំទ្រដល់យុវជនឲ្យបញ្ចប់សិក្សាកម្រិតមធ្យមនិងឧត្តម ចុះសួរសុខទុក្ខនិងផ្តល់ប្រឹក្សាផ្លូវចិត្តដល់ក្រុមគ្រួសារក្រីក្រតាមភូមិ។
យៀប អេង វិជ្ជណា ប្រធានសមាគមសន្តវ៉ាំងសង់ដឺប៉ូលបាត់ដំបងដែលធ្លាប់ចូលរួមជាមួយក្រុមបុត្រីមេត្តាករុណាតាំងពីនៅវ័យកុមារបានឲ្យដឹងថា គាត់ធ្លាប់រៀនជាមួយក្រុមដូនជីតាំងពីមេត្តេយ្យសិក្សា ហើយក្នុងពេលជាយុវជនរហូតមកដល់បច្ចុប្បន្នក៏នៅជាប់ជាមួយក្រុមរបស់ពួកគាត់ដោយសកម្មភាពរបស់ក្រុមសមាគមសន្តវ៉ាំងសង់ដឺប៉ូល។ តាមរយៈក្រុមសន្តវ៉ាំងសង់ដឺប៉ូលដែលមានដូចជា ចុះសួរសុខទុក្ខជនចាស់ជរា ជនពិការ កុមារកំព្រារ អ្នកក្រខ្សត់បានជួយដល់ វិជ្ជណា ចេះអប់រំផ្លូវចិត្តខ្លួនឯង។
វិជ្ជណា ពោលថា៖ «ពេលខ្ញុំបាក់ទឹកចិត្ត ខ្ញុំតែងថា ខ្ញុំអន់ជាងគេ ក្រោយពីបានចុះសកម្មភាព ឃើញអ្នកពិបាកជាងយើង នាំឲ្យយើងគិតថា យើងមិនមែនអន់ទេ អាចក្រោកឈរហើយថែមទាំងជួយដល់ពួកគាត់វិញ»។
វិជ្ជណា សូមអរគុណក្រុមដូនជីដែលបានធ្វើជាគំរូ និងខិតខំបង្រៀនណែនាំឲ្យគាត់ តាមព្រះហឫទ័យព្រះជាម្ចាស់ និងជាគំរូដល់យុវជនជំនាន់ក្រោយ។ គាត់សូមជូនពរដល់ក្រុមដូនជី ឲ្យមានកម្លាំងមាំមួន ដើម្បីបន្តបេសកកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយយុវជន និងជនដែលត្រូវការបន្តទៀត៕
ដោយកែវ កញ្ញា