លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»
ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។
នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ «ព្រលឹងវិញ្ញាណ» ដែលមិនអាចបំពេញបានដោយលុយកាក់ ឬអាហារធម្មតានោះឡើយ ពោលគឺមានតែព្រះបន្ទូល និងព្រះវត្តមានរបស់ព្រះយេស៊ូផ្ទាល់ប៉ុណ្ណោះដែលជាអាហារពិតប្រាកដ។ លោកឪពុកបានលើកយកអត្ថបទដំណឹងល្អស្ដីពី «ការអស្ចារ្យ ប្រទាននំបុ័ង ដល់មហាជន៥០០នាក់» នៅថ្ងៃនេះ មកពន្យល់ថា៖ «ពេលដែលមហាជនរាប់ពាន់នាក់ដើរតាមព្រះយេស៊ូ ពួកគេមិនមែនគ្រាន់តែស្វែងរកនំបុ័ងចិញ្ចឹមក្រពះនោះទេ ប៉ុន្តែគេស្វែងរកសេចក្ដីសង្ឃឹម និងការសង្គ្រោះ។
មុនពេលព្រះអង្គប្រទានអាហារ ព្រះអង្គបានប្រទាននូវព្រះហឫទ័យអាណិតអាសូរ និងសេចក្ដីស្រឡាញ់ជាមុនសិន»។ ពីនេះ លោកឪពុក យ៉ូហាន អ៊ុន សុន បានប្រៀបធៀបគំនិតរវាងមនុស្ស និងព្រះអង្គ ដោយបញ្ជាក់ថា មនុស្សជាញឹកញាប់ (ដូចជាពួកសាវ័ក) តែងតែសម្លឹងមើលតែ «អ្វីដែលខ្លួនគ្មាន» រួចយករៀបរាប់ជាលេសបដិសេធ (ដូចជាគ្មានពេល គ្មានអាហារ គ្មានលុយ គ្មានសមត្ថភាព)។ ប៉ុន្តែផ្ទុយទៅវិញ ព្រះយេស៊ូទតមើល «អ្វីដែលយើងមានស្រាប់» ទោះបីជានំបុ័ងប្រាំដុំ និងត្រីពីរកន្ទូយ ដែលមើលទៅតិចតួចយ៉ាងណាក៏ដោយ។ ឲ្យតែយើងសុខចិត្តនាំយកអ្វីដែលតិចតួចនោះមកថ្វាយព្រះអង្គ ដោយប្រកបដោយសេចក្ដីស្រឡាញ់ ព្រះអង្គនឹងផ្លាស់ប្ដូរវាឲ្យទៅជា «អំណោយទានដ៏អស្ចារ្យ» សម្រាប់មនុស្សគ្រប់គ្នា។
ជាចុងក្រោយ លោកឪពុកបានដាស់តឿនដល់ប្រជារាស្ត្រកាតូលិកទាំងអស់ ឲ្យយកចិត្តទុកដាក់លើជីវិតនៃជំនឿ តាមរយៈការអធិស្ឋាន ការអានព្រះបន្ទូល និងការចូលរួមពិធីអភិបូជាឲ្យបានទៀងទាត់ ព្រមទាំងទទួលអគ្គសញ្ញា លើកលែងទោស ជាដើម ដើម្បីចិញ្ចឹមព្រលឹងវិញ្ញាណឲ្យបានរឹងមាំជាប្រចាំ ដូចដែលយើងតែងតែបរិភោគអាហារចិញ្ចឹមរាងកាយរាល់ថ្ងៃដូច្នោះដែរ។
