លោកអភិបាលលើកទឹកចិត្តដល់មាតាបិតាកុមារអូទីសឹមកុំអស់សង្ឃឹម
សំណេះសំណាលមួយនៅសាលាអប់រំពិសេសនៃការលូតលាស់ (GSES) លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានលើកទឹកចិត្ត មាតាបិតា និងអាណាព្យាបាលសិស្សដែលកំពុងមានអូទីសឹម ត្រូវបន្តដើរទៅមុខជាមួយក្ដីសុបិន្ត ដោយជឿជាក់ថា កូនៗអាចធ្វើបាន ហើយត្រូវតស៊ូជាមួយពួកគេដើម្បីសម្រេចឲ្យបានក្ដីសុបិន្តក្នុងចិត្ត។
កម្មវិធីសំណេះសំណាលនេះបានធ្វើឡើងនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ ហើយក្នុងនោះក៏មានវត្តមានលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលព្រមទាំងសិស្សជាច្រើនរយនាក់ចូលរួម។
លោកអភិបាល អូលីវីយ៉េបានឲ្យដឹងទៀតថា សាលានេះមានសិស្សច្រើនដោយសារសាលារបស់យើងមានគុណភាព មានសេវាកម្មដ៏ល្អប្រសើរដើម្បីជួយឱ្យកូនៗរីកចម្រើន។
សាលាGSES ជាសាលាមួយរបស់ព្រះសហគមន៍កាតូលិក ដែលទទួលអប់រំនិងថែទាំកុមារមានអូទីសឹម។ បច្ចុប្បន្ននេះ មានសិស្សចំនួន៣០០នាក់ កំពុងសិក្សានិងមាន៥នាក់ផ្សេងទៀតស្ថិតក្នុងបញ្ជីរង់ចាំ។
លោកអភិបាលបន្តថា សាលាយើងនិងឪពុកម្តាយមានសុបិនរួមគ្នា គឺចង់ឱ្យកូនៗមានទំនាក់ទំនងនៅក្នុងសង្គម មានសកម្មភាពជាមួយជីវិតរស់នៅប្រចាំថ្ងៃ ដូច្នេះយើងត្រូវជួយគ្នា ដើម្បីឱ្យកូនៗរបស់យើងរីកចម្រើនតាមសមត្ថភាពបន្តិចម្ដងៗ ដោយជឿថានៅក្នុងគ្រួសាររបស់យើងនឹងមានសេចក្ដីសុខសាន្តពេលដែលឃើញកូនៗរីកចម្រើន។
បើតាមប្រសាសន៍របស់អ្នកស្រី ភោគ ម៉ានី នាយិការសាលាអប់រំពិសេស បានឱ្យដឹងថា
កិច្ចសំណេះសំណាលនេះ នឹងជួយលើកទឹកចិត្តដល់ឪពុកម្តាយកុមារ បន្តជួយកូនរបស់គាត់ និងបន្តរស់នៅជាមួយនឹងក្ដីសង្ឃឹម។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វីសំខាន់គឺពាក្យស៊ូៗដែលយើងត្រូវទៅមុខជាមួយគ្នា។
អ្នកស្រីបន្តថា បច្ចុប្បន្នចំនួនសិស្សអូទីសឹមកើនឡើងរហូតដល់៣០០នាក់ហើយចំនួនបុគ្គលិកកើនដល់៩០នាក់ ដោយប្រើប្រាស់ផ្ទះ៣ល្វែង ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានកុមារ៥០នាក់ទៀតកំពុងស្ថិតក្នុងបញ្ជីរង់ចាំនៅឡើយ។
អ្នកស្រីបន្ថែមថា សាលាក៏មិនដឹងថាទៅរកកន្លែងណាដើម្បីជួយពួកគាត់ ប៉ុន្តែយើងព្យាយាមអធិដ្ឋានដើម្បីបន្តសុបិន និងក្ដីសង្ឃឹមរបស់យើង។
ជាមួយគ្នានេះ លោកជំទាវ ឃុន រចនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា លោកស្រីសូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះនាយិកាសាលា និងលោកគ្រូអ្នកគ្រូដែលអត់ធ្មត់ តស៊ូខ្ពស់ ដើម្បីថែទាំកូនៗឱ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
លោកស្រីក៏សូមអរគុណដល់ លោកអភិបាល អូលីវីយ៉េ ដែលអាចចាត់ទុកថាជាព្រះរស់មួយសម្រាប់កូនខ្មែរទាំងអស់ ពីព្រោះលោកបានបណ្ដុះនូវធនធានមនុស្សដ៏អស្ចារ្យបំផុត ហើយជាកត្តាមួយដែលជំរុញទឹកចិត្តឱ្យ មាតាបិតា អាណាព្យាបាលសិស្សមានជំនឿយ៉ាងជឿជាក់ ហើយយកកូនៗមកផ្ញើនៅសាលាអប់រំពិសេសនៃការលូតលាស់នេះ។
ឆ្លៀតក្នុងឱកាសនេះដែរ សាលាអប់រំពិសេសនៃការលូតលាស់ក៏បានប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត្ររួមជាមួយលោកអភិបាលអធិបតីនិងអ្នកចូលរួមទាំងអស់ ដោយមានការចែកកាដូ ការបង្ហោះប៉េងប៉ោង និងពិសារអាហារសាមគ្គីរួមគ្នា៕
ដោយចាន់ ម៉ានុត